(កោះកុង)៖ កងវិស្វកម្ម «លេខ​១៧៨​ ស្ពាន-ថ្នល់» របស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក​ សឿន​ រឿត​ នាយករង​នាយកដ្ឋានវិស្វកម្ម​ក្រសួងការពារជាតិ បាននឹងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការជួសជុលផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រេចឲ្យបានតាមការគ្រោងទុកមុនពិធីបុណ្យសមុទ្រចូលមកដល់នៅខែធ្នូ ឆ្នាំ២០១៨នេះ។

ក្នុងរដូវភ្លៀងធ្លាក់នាពេលកន្លងទៅនេះ បានធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៤៨ រងការបំផ្លេចបំផ្លាញយ៉ាងខ្លាំង ដែលការខូចខាតនេះ​កន្លែងខ្លះខូចដោយសារទឹកភ្លៀងជន់លិច ហើយខ្លះទៀតក៏ខូចដោយសារតែការដឹកលើសទម្ងន់ផងដែរ។ ក្នុងប្រវែងផ្លូវសរុបជាង ១៥០គីឡូម៉ែត្រនេះ ផ្លូវដែលរងការខូចខាតនេះមានប្រវែង ៦៣គីឡូម៉ែត្រ ចែកចេញជា ៩១កន្លែង។

ដោយសារឆ្នាំ២០១៨នេះ ខេត្តកោះកុងទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រ ដូច្នេះផ្លូវជាតិលេខ៤៨ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងពិធីបុណ្យមួយនេះ។ ការជួសជុលកែលំអរផ្លូវជាតិមួយខ្សែនេះ គឺជារឿងចាំបាច់បំផុត ប្រសិនបើស្ថានភាពលំបាកដូចពេលបច្ចុប្បន្ន នឹងមិនអាចទាក់ទាញពលរដ្ឋទៅលេងពិធីបុណ្យសមុទ្រនៅចុងឆ្នាំបាននឡើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានយកកម្លាំងជួសជុលផ្លូវពីក្រសួងសាធារណការ និងកងវិស្វកម្មរបស់ក្រសួងការពារជាតិផងដែរ ធ្វើការរួមគ្នាជួសជុលផ្លូវនេះឲ្យសម្រេចតាមការគ្រោងទុក។ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា គ្រឿងចក្រសរុប ១១៤គ្រឿងត្រូវបានដាក់ពង្រាយជួសជុលកំណាត់ផ្លូវនេះទាំងថ្ងៃទាំងយប់។

ខាងកងវិស្វកម្មបានដាក់គ្រឿង ៥៧គ្រឿង និងកងកម្លាំង ៦៣នាក់ ចូលរួមជួសជុលផ្លូវនេះ។ លោកឧត្តមសេនីយ៍ឯក​ សឿន​ រឿត​ នាយករង​នាយកដ្ឋានវិស្វកម្ម​ក្រសួងការពារជាតិ​ និងជាជំនួយការផ្ទាល់សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា កងកម្លាំងរបស់លោកកំពុងធ្វើការងារយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់លើការជួសជុលផ្លូវនេះឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

ឧត្តមសេនីយ៍ត្រី​ នាន់​ បូរ៉េត​ នាយករង​នាយកដ្ឋានវិស្វកម្ម​ក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ថា កងវិស្វកម្ម «លេខ​១៧៨​ ស្ពាន-ថ្នល់» របស់ក្រសួងការពារជាតិ មានបទពិសោធន៍ និងជំនាញយូរឆ្នាំក្នុងការសាងសង់ផ្លូវ និងស្ពាន។ មិនតែប៉ុណ្ណោះ​ មានគ្រឿងចក្រល្អៗ និងកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការជួសជុលផ្លូវមួយខ្សែនេះឲ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល។

លោក ក៏បានប្តេជ្ញាផងដែរថា នឹងប្រឹងប្រែងដឹកនាំកម្លាំងជួសជុលផ្លូវនេះសម្រេចឲ្យបានតាមការគ្រោងទុកមុនពិធីបុណ្យសមុទ្រចាប់ផ្តើម។ សូមបញ្ជាក់ថា ការជួសជុលផ្លូវដែលរងការខូចខាតនេះ ត្រូវចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក ដែលជាថវិការបស់រាជរដ្ឋាភិបាល៕​