(ចិន)៖ ឧស្សាហកម្មកម្សាន្ត ដែលចេះតែលូតលាស់របស់ប្រទេសចិន ជាយូរមកហើយ ជាវិស័យអាទិភាពមួយសម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ហើយវិស័យនេះនឹងបន្តលូតលាស់បន្ថែមទៀត ដោយសារតែតម្រូវការផ្នែកកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសចិន។

ជាមួយនឹងចំនួនអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ និងក្ដីស្រលាញ់ ចំពោះតារាកម្សាន្តនានា បាននាំឲ្យមានការកើនឡើងនូវកម្មវិធីប្រលងទេពកោសល្យ នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ ។

ក្នុងនោះ កម្មវិធីប្រលងទេព្យកោសល្យរបស់ចិន ដែលយកលំនាំតាម កម្មវិធីប្រលងដ៏ពេញនិយមរបស់កូរ៉េខាងត្បូងឈ្មោះថា «Produce 101» ទទួលបានការពេញនិយមយ៉ាងខ្លាំង តាំងពីមុនកម្មវិធីនេះ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ចិនទៅទៀត។

លោក យៀក ហ្វុង ព្រឹទ្ធបុរសរង មហាវិទ្យាល័យប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃបណ្ឌិតសភាភាពយន្តប៉េកាំង និយាយថា «កម្មវិធីប្រលងទេពកោសល្យ ជាផ្នែកមួយដ៏ធំនៃការប្រើប្រាស់កម្មវិធីកម្សាន្ត។ កូរ៉េខាងត្បូងមានបទពិសោធន៍ជាច្រើនក្នុងការបង្កើតផលិតផលកម្សាន្តបែបនេះ ហើយជាប្រទេសឈានមុខគេមួយក្នុងតំបន់ សម្រាប់ឧស្សាហកម្មកម្សាន្ត»

ដោយមានការគាំទ្រពីក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់ចិន ឈ្មោះថា Tencent Holdings កម្មវិធី Produce 101 របស់ចិន បានទាក់ទាញការទស្សនាជាង បួនពាន់លានដង តាមរយៈការផ្សាយនៅលើអនឡាញ ចន្លោះពីពាក់កណ្ដាលខែមេសា ដល់ពាក់កណ្ដាលខែមិថុនា។ នេះមានន័យថា ទស្សនិកជនម្នាក់ៗក្នុងប្រទេសចិន បានទស្សនាកម្មវិធីនេះយ៉ាងហោចបីលើក ឬច្រើនជាងនេះ ក្នុងអំឡុងពេលការផ្សាយរយៈពេលពីរខែ។

លោក ឆាវ យ៉ុងស៊ូ ប្រធាន ក្រុមហ៊ុន Beijing AIMan Data Technology និយាយថា «នៅពេលនេះមានការចូលរួមប្រើប្រាស់ច្រើនពីអ្នកប្រើប្រាស់។ ខ្ញុំគិតថា នេះជាការផ្លាស់ប្ដូរទម្លាប់ និងចំណូលចិត្តរបស់អ្នកប្រើប្រាស់ក្នុងប្រទេសចិន ដែលខុសប្លែកពីយុគសម័យប្រើទូរទស្សន៍ និងខ្សែភាពយន្ត»

អ្នកគាំទ្រកំពុងដើរតួនាទីសំខាន់ក្នុងការកំណត់តម្លៃរបស់ក្រុមតារាចម្រៀង។ នៅពេលដែលកម្មវិធី Produce 101 កំពុងចាក់ផ្សាយក្នុងប្រទេសចិន មានមនុស្សជាច្រើនបានជាវការចុះឈ្មោះជាសមាជិកលើកម្មវិធីមើលវិដេអូ របស់ Tencent ហើយអ្នកខ្លះថែមទាំងបានឧបត្ថម្ភលុយយ៉ាងច្រើន ដើម្បីគាំទ្រដល់បេក្ខជនដែលខ្លួនចូលចិត្ត។

នៅក្នុងរបាយការណ៍បណ្ដោះអាសន្នសម្រាប់ត្រីមាសទីពីរ ឆ្នាំ២០១៨ របស់ក្រុមហ៊ុន Tencent បង្ហាញថា សេវាមើលវីដេអូ បានទទួលសមាជិកភាពបែបបង់ប្រាក់សរុបចំនួន ៧៤ លាននាក់ ហើយក្នុងនោះអត្រាកំណើនគិតត្រឹមខែមិថុនា ២០១៨ មានរហូតដល់ទៅ ១២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។

លោក ឆាវ យ៉ុងស៊ូ ប្រធាន ក្រុមហ៊ុន Beijing AIMan Data Technology និយាយថា «កម្មវិធីកម្សាន្តនេះ និងមធ្យោបាយក្នុងចាក់ផ្សាយតាមអនឡាញ ជាកត្តា ដែលបានជួយកែប្រែរបៀបរបបនៃការទស្សនា។ អ្នកគាំទ្រអាចចាប់ផ្ដើឧបត្ថម្ភ និងគាំទ្រដល់បេក្ខជនដែលខ្លួនចូលចិត្ត មុនពេលបេក្ខជនទាំងនោះក្លាយទៅជាតារាទៅទៀត។ នេះជារឿងផ្ទុយកាលពីមុន»

លោក ឆាវ បាននិយាយថា ថ្វីដ្បិតតែអ៊ិនធឹណិតជួយគាំទ្រដល់ឧស្សាហកម្មកម្សាន្តនេះ និងសម្រួលឲ្យមានការរីកលូតលាស់ក្ដី ប៉ុន្តែក៏នៅមានភាពចាំបាច់ក្នុងការធានាឲ្យបានថា ប្រជាប្រិយភាពរបស់បេក្ខជនទាំងនោះ នឹងបន្តមានដដែល បើទោះបីជាកម្មវិធីប្រកួតទេពកោសល្យបានចប់ទៅហើយក្តី។ លោក ឈិន យៀកធាន ដែលជាវិនិយោគិនវប្បធម៌តន្ត្រីប៉ុប និយាយថា ឧស្សាហកម្មកម្សាន្តរបស់ចិនកំពុងព្យាយាមធ្វើយ៉ាងណា កែសម្រួលលើបញ្ហានេះហើយ។

លោក ឈិន យៀកធាន ប្រធានក្រុមហ៊ុន Sea of Starts Capital និយាយថា «ជាធម្មតា តម្លៃទីផ្សារនៃការគ្រប់គ្រងតារាថ្មីមានទេពកោសល្យទាំងនេះគឺមានតម្លៃខ្ពស់។ ដូច្នេះ វិនិយោគិនអាចនឹងគិតថា ការចំណាយខ្ពស់ពេក ពីព្រោះក្រុមហ៊ុនដែលគ្រប់គ្រងតារាចាប់ពី១០ នាក់ ឬច្រើនជាងនេះ ប្រហែលជាត្រូវការប្រាក់ប្រមាណ៣០ ទៅ៤០ លានដុល្លារឯណោះ។ ប៉ុន្តែ បើនិយាយពីរឿងវិជ្ជមានវិញ គឺថា កំណើននៅក្នុងឧស្សាហកម្មកម្សាន្តនេះនៅមានចន្លោះសម្រាប់លូតលាស់ខ្លាំងថែមទៀត»៕ (សារព័ត៌មាន CCTV របស់ចិន)