(ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia) គឺកញ្ញា ឌី លីកា (Dy Lika) បានឆ្លងផុតវគ្គ ២០ប្រទេស (Top 20) ដែលមានឈុតសម្លៀកបំពាក់ ប្រពៃណីជាតិល្អបំផុតរួចហើយ ​ប៉ុន្តែកញ្ញាត្រូវការការ Like និង Share ពីសំណាក់ប្រជាពលរដ្ឋ ឲ្យបានច្រើនៗថែមទៀត ដើម្បីទទួលបានជ័យ​លាភី ក្នុងការប្រកួតបន្ត​ឈុតតំណាងជាតិល្អបំផុត ក្នុងចំណោមឈុតទាំង​២០។ នេះបើតាមការប្រកាសព័ត៌មានផ្លូវការ ​នៅលើទំព័រ Facebook «Miss Grand International»​ នាប៉ុន្មានម៉ោងមុននេះ​។

ការប្រកួតឈុតតំណាងជាតិល្អបំផុត (Best National Costumes) ក្នុងចំណោមឈុតទាំង ២០ នេះ ដើម្បីជ្រើសរើសឈុតតំណាងជាតិ ដែលល្អជាងគេចំនួន​១០ឈុត (ក្នុងនោះ​៥ឈុត ឬ ៥ បេក្ខភាព បានមកពីការបោះឆ្នោតគាំទ្រ។ រីឯ ៥ឈុត ឬ ៥ បេក្ខភាពទៀត បានមកពីការផ្តល់ពិន្ទុជ្រើសរើស ពីគណៈកម្មការប្រចាំវគ្គ)​។ ការបោះឆ្នោតគាំទ្រជាថ្មី តាមរយៈការ Like និង Share ចាប់ផ្តើមពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី ១៩ តុលា ២០១៨ នៅវេលាម៉ោង ៥ ល្ងាច (ម៉ោងនៅមីយ៉ាន់ម៉ា) ត្រូវនឹងម៉ោង ៥៖៣០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា ដើម្បីចម្រាញ់យកបេក្ខនារីបវរកញ្ញាមកពី ១០ប្រទេស ដែលគ្រងឈុតសម្លៀកបំពាក់ តំណាងជាតិល្អដាច់គេ។

ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឲ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឲ្យតំណាងជាតិខ្មែរយើង មានឱកាសជាប់ជាឈុតល្អផ្តាច់គេ លើឆាកអន្តរជាតិ​។ ដោយឡែកពានរង្វាន់ឈុតតំណាងជាតិល្អជាងគេ នឹងត្រូវផ្តល់ពិន្ទុជ្រើសរើស ដោយគណៈកម្មការកិត្តិយស ប្រចាំកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ព្រមទាំងប្រកាសលទ្ធផលនារាត្រី ប្រកួតផ្តាច់ព្រ័ត្តថ្ងៃទី ២៥ តុលា ខាងមុខនេះហើយ​។ ចំពោះរបៀបនៃការបោះឆ្នោតគាំទ្រ សម្រាប់វគ្គ Top10 នេះ គឺធ្វើឡើងដូចការបោះឆ្នោត Top20 ដែរ​ ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ (សូមចុច តែ សញ្ញា like មេដៃ និង Share ទើបគេរាប់ពិន្ទុ សញ្ញាផ្សេងកុំចុច)​។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបេក្ខនារីកម្ពុជា៖
ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.638388602850806/1998723643483955/?type=3 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឲ្យបានច្រើនបំផុត តាមតែអាចធ្វើទៅបាន គឺជាការស្រេច៕