(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន ដោយហាមដាច់ខាតការប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ X-BOOSTER ព្រោះឱសថនេះគ្មានការចុះបញ្ជីកា និងការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងសុខាភិបាលឡើយ ដែលប្រើប្រាស់ទៅបណ្ដាលឲ្យប៉ះពាល់សុខភាព។

យោងតាមការជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០១៨នេះបានឲ្យដឹងថា ការប្រកាសហាមមិនឲ្យប្រើប្រាស់ ឱសថបំប៉នផ្លូវភេទបុរសប្រភេទនេះ ធ្វើឡើង
បន្ទាប់ពីក្រសួងបាន​ពិនិត្យ​ឃើញថា ថ្មីៗនេះមានការបង្ហោះលក់ យ៉ាងព្រោងព្រាតលើបណ្ដាញសង្គម Facebook ។ ឱសថនេះនាំចូលពីប្រទេសបារាំង គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានការចុះបញ្ជី
គ្មានការត្រួតពិនិត្យ​គុណភាព និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ​ពីក្រសួងសុខាភិបាលនោះឡើយ។

យោងតាមការជូនដំណឹង របស់ក្រសួងសុខាភិបាលឲ្យដឹងទៀតថា មានគណនីមួយចំនួនបានផ្សព្វផ្សាយពីផលិតផល​​ប្រភេទនេះ ហួសពីការពិត។

ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់ជីវិត ដោយប្រការណាមួយ ​ក្រសួងសុខភិបាល សូមឲ្យបញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់ឱសថនេះ។ ដោយឡែកសម្រាប់​គណនីដែលបានផ្សព្វផ្សាយលក់ ត្រូវបញ្ឈប់ការនាំចូល ចែកចាយ លក់ និងផ្សព្វផ្សាយជាបន្ទាប់ បើពុំដូច្នេះទេក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់៕