(ភ្នំពេញ)៖ ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់អ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតជាដើមនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ស្អែកនេះហើយ ខណៈអ្នកចុះឈ្មោះថ្មីបានចំនួនជាង ១៨ម៉ឺននាក់។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែតុលា មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៨០,៩៤៤នាក់ ហើយប្រជាពលរដ្ឋដែលបានលុបចេញពីបញ្ជីមានចំនួន ៤១,៤៥៩នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៣៨១នាក់។

ជាមួយគ្នានោះ គ.ជ.ប ក៏បានក្រើនរំឭកប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬចង់កែតម្រូវទិន្នន័យ នៅក្នុងបញ្ជីបោះឆ្នោតយ៉ាងណានោះ ត្រូវមកដោះស្រាយការងារនេះ ឱ្យបានរួសរាន់ ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ នឹងបិទបញ្ចប់នៅថ្ងៃស្អែកនេះហើយ៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប៖