(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំកំណត់ស្តង់ដារ សម្រាប់យានយន្តដែលនាំចូលមកប្រទេសកម្ពុជាឡើងវិញ ដើម្បីធ្វើយ៉ាងណាសម្រួល និងធានាចំពោះអ្នកប្រើប្រាស់។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ពៅ ម៉ាលី នៅក្រោយកិច្ចប្រជុំអ្នកបច្ចេកទេសអាស៊ីឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ថា បញ្ហាគ្រឿងម៉ាស៊ីន គឺជារឿងចាំបាច់ណាស់ សម្រាប់យានយន្តក្នុងការយកមកប្រើប្រាស់។ លោកបន្តថា សព្វថ្ងៃនៅប្រទេសកម្ពុជាមិនទាន់បានមានការកំណត់កម្រិតស្តង់ដារបាននៅឡើយទេ ព្រោះថាកម្ពុជាជាប្រទេសដែលនាំយកយានយន្ត ហើយកម្ពុជានឹងធ្វើអំពីការកំណត់ស្តង់ដារយានយន្តនៅពេលខាងមុខ។

លោកបានបញ្ជាក់ថា «យើងមិនទាន់កំណត់ថា ជាប្រទេសមួយមានកម្រិតមួយខ្ពស់បានទេដោយសារយើងមិនមែនជាប្រទេសផលិតនោះទេ ហើយអ្វីដែលត្រូវធ្វើបន្តទៅទៀត គឺស្តង់ដារយានយន្ត»

លោកបានសង្កត់ធ្ងន់ថា៖​ «យើងកំពុងរៀបចំដែរ ក្នុងការកំណត់យានយន្តឲ្យមានស្តង់ដារ។ យើងកំពុងសហការជាមួយក្រសួងឧហ្សាហកម្ម និងសិប្បកម្ម និងវិទ្យាស្ថានស្តង់ដារ ដើម្បីជជែកគ្នាក្នុងការកំណត់យានយន្តនៅពេលអនាគត។ យានយន្ត ប្រភេទណាបែបណាដើម្បី នាំចូលប្រទេសយើងឲ្យសមស្រប។ ទោះបីជាយើងជាប្រទេសនាំចូលរថយន្តមែន ក៏យើងត្រូវកំណត់ស្តង់ដារថយន្ត ដែលនាំចូលមកស្រុកយើងដែរ»

យ៉ាងណាក្តី លោករដ្ឋលេខាធិការ បានឲ្យដឹងថា សម្រាប់ការកំណត់ស្តង់ដារយានយន្តក្នុងការនាំចូលមកក្នុងប្រទេសនោះ នឹងធ្វើតាមបណ្តាប្រទេសអាស៊ានទាំងអស់ ដែលអាចនឹងធ្វើនៅឆ្នាំ២០២៣។ សមាជិកអាស៊ានទាំងអស់នឹងកំណត់ស្តង់ដារយានយន្តក្នុងការនាំចូល ដោយគោរពបានបទបញ្ញត្តិអន្តរជាតិ។

លោកបានអះអាងថា បច្ចុប្បន្ននេះកម្ពុជាមានការពិបាកគ្រប់គ្រងក្នុងនាំចូលរថយន្តឲ្យមានស្តង់ដារនោះទេ ព្រោះថាកម្ពុជា បាននាំចូលរថយន្តមួយទឹក ប៉ុន្តែក៏មាន ក្រុមហ៊ុនខ្លះនាំចូលរថយន្តថ្មីផងដែរ។ កម្ពុជាបាននាំចូលរថយន្តមួយទឹកពីប្រទេសជាច្រើន ដោយមិនបានកំណត់ថា ប្រទេសណាមួយមានស្តង់ដារនោះទេ ។

លោកបញ្ជាក់ថា៖ «សព្វថ្ងៃនេះយើងឃើញថា យានយន្តនាំចូលនោះជាប្រភេទរថយន្តមួយទឹក បានន័យគេប្រើប្រាស់រួចហើយ អាចតទ្រុង…ប៉ុន្តែក៏មានក្រុមមួយចំនួននាំថ្មីដែរ។ គ្មានប្រទេសណាកំណត់នាំចូលរថយន្តមានស្តង់ដារនោះទេ ។ យើងនាំចូលពីអាមេរិក អារ៉ាប់ ជប៉ុនក៏មាន»

លោកពៅ ម៉ាលី ក៏បានលើកឡើងថា ការធ្វើកិច្ចប្រជុំថ្ងៃនេះ ដើម្បីធ្វើការសិក្សាសម្រាប់ឆ្នាំ២០២៣ក្នុងការកំណត់ថាប្រភេទរយថន្តបែបណាសម្រាប់ប្រើលើកទឹកដីកម្ពុជា។ នៅពេលនោះ កម្ពុជាកំណត់ពីស្តង់ដាររួចរាល់ហើយប្រភេទរថយន្តណា បានធ្វើតាមការកំណត់នោះនឹងនាំចូលមកក្នុងប្រទេសកម្ពុជា ទោះបីជាមកពីប្រទេសណាក៏ដោយ។

លោកស្រី ណាអូមី មីរី អនុប្រធាននាយកដ្ឋានបច្ចេកទេស (JASIC) ប្រទេសជប៉ុន បានលើកឡើងថា ការកំណត់ស្តង់ដារ អាស្រ័យលើភាគីកម្ពុជា ក្នុងការយកមកអនុវត្ត ចំណែកភាគីជប៉ុន បានតែផ្តល់យោបល់ជាលក្ខខណៈបច្ចេកទេស ក្នុងយកទៅអនុវត្ត៕