(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានលោក ហ៊ុន ម៉ានី ជាប្រធាន នឹងដឹកនាំយុវជន យុវតីរបស់ខ្មែរធ្វើដំណើរប្រមាណ ៤០គីឡូម៉ែត្រកាត់ព្រៃឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រវិមាន២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំលឹកដល់វីរភាពដ៏អង់អាចរបស់យុវជន យុវតីខ្មែរជំនាន់មុនដែលបានធ្វើពលីកម្មសម្រាប់ជាតិមាតុភូមិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ដែលជាខួប ៤០ឆ្នាំនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅស្នាក់ការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ព្រឹត្តិការណ៍រំលឹកពីវីរភាពរបស់ឥស្សរជនខ្មែរនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ដោយរំពឹងថាមានការចូលរួមពីសំណាក់យុវជន យុវតី និងមហាជនប្រមាណ ៥០០នាក់។

កុលបុត្រខ្មែរដែលកំពុងដឹកនាំយុវជន យុវតីខ្មែរជំនាន់ក្រោយរួមគ្នាសាងឧត្តមភាពសម្រាប់ជាតិរូបនេះ បានលើកឡើងថា ព្រឹត្ដិការណ៍នេះធ្វើឡើងដោយសារតែថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ជាខួប ៤០ឆ្នាំនៃការកើតឡើងនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានដើមឈ្មោះថា «សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា» ជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ លោកថា ព្រឹត្តិការណ៍នេះចង់រម្លឹកដល់វីរភាព និងភាពអង់អាចក្លាហានតស៊ូរបស់យុវជនជំនាន់មុន ដែលនិយាយបានថា ស.ស.យ.ក មាន ៤០ឆ្នាំនេះ ដោយសារតែមានថ្ងៃ២ ធ្នូ ១៩៧៨។

«នេះជាផ្នែកមួយមិនត្រឹមតែចងចាំប្រវត្ដិសាស្ដ្រនោះទេ តែយើងចង់ធ្វើអ្វីមួយ ដើម្បីបង្ហាញនៃការចងចាំរបស់យើង ហើយមួយផ្នែកដែលយើងចង់ឆ្លងកាត់ និងចង់មានបទពិសោធន៍នោះ គឺការតស៊ូអត់ធ្មត់ ពុះពារ ហើយការរួមគ្នាធ្វើការងារនេះ ក្នុងបុព្វហេតុជាតិ គឺតាមរយៈការធ្វើដំណើរ ៤០គីឡូម៉ែត្រនេះ ដែលយើងរំពឹងទុកថា ពីជំហានមួយទៅជំហានមួយ យុវជនយើងអាចទៅដល់ទីតាំងតែម្ដង ហើយគាត់អាចស្រមើលស្រមៃ នៃសកម្មភាពអតីតកាលរបស់ខ្លួន»។ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសរំលេចដែរថា ស្ថានភាពបច្ចុប្បន្នផ្លូវដែលនឹងត្រូវធ្វើដំណើរនៅថ្ងៃ២ ធ្នូ ខាងមុខនេះ មិនមានស្ថានភាពស្រួលប៉ុន្មាននោះទេ តែវាមិនលំបាកដូចកាលពីឆ្នាំ១៩៧៨នោះដែរ។ លោក ហ៊ុន ម៉ានី បានរំលឹកថា ការតាមផ្លូវនៃការតស៊ូរបស់ឥស្សរជនខ្មែរជំនាន់មុន មិនត្រឹមតែស្ថានភាពផ្លូវលំបាកនោះទេ តែពួកគាត់ព្រួយបារម្ភទៅលើបញ្ហាមីន ដែលបង្កប់តាមព្រំដែន ហើយការដើរតស៊ូរំដោះជាតិនោះទៀតសោត មិនអាចដើរពេលថ្ងៃបាននោះទេ ព្រោះទឹកដីភាគច្រើនគ្រប់គ្រងដោយកម្លាំងខ្មែរក្រហម ចឹងត្រូវធ្វើការដោយភាពសម្ងាត់ កុំឲ្យខ្មែរក្រហមដឹង។

លោក ហ៊ុន ម៉ានី រំពឹងថា ការដើរនេះ នឹងនាំឲ្យយុវជន យុវតីខ្មែរជំនាន់នេះ អាចនឹករលឹកដល់ការតស៊ូ និងលះបង់ដ៏ធំធេងរបស់យុវជន យុវតីជំនាន់មុន ដើម្បីនាំមកវិញនូវអាយុជីវិត និងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាទាំងមូល។

លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ដូច្នេះ «ជាងនេះទៅទៀត ភូមិសាស្រ្ដដំណាក់កាលនោះ គឺពោរពេញទៅដោយព្រៃក្រាស់ ពេលនោះមិនដឹងថាគាត់មានវិធីសាស្ដ្រធ្វើយ៉ាងណា និងប្រថុយប៉ុណ្ណានោះទេ ដើម្បីបន្ដដំណើរឆ្ពោះទៅការបង្កើតកងកម្លាំង ដើម្បីតស៊ូរំដោះប្រទេសជាតិយើងនេះ ដែលនេះជាការចាំបាច់ ដែលយើងចង់ឲ្យយុវជនយើងចងចាំ។ ដូចនេះពេលយើងទៅដល់ទីតាំងនោះ យើងចង់ឲ្យយុវជនយើងនឹកឃើញទៅដល់ចំណុចហ្នឹងទាំងអស់»

លោក ម៉ានី ថា ព្រឹត្តិការណ៍នេះជាវេទិកាមួយបង្រៀនយុវជន យុវតីជំនាន់នេះឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នាលើគន្លងផ្លូវដែលមានចម្ងាយ ៤០គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្កើតបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាតរភាព ដែលក្នុងនោះយុវជនទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម (Team Building) ដូចជា ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។

លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្ដិសហភាពសហព័ន្ធយុវជនកម្ពុជា​ បានឲ្យដឹងថា ដើម្បីធានាបានការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិការណ៍ អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយដែលមានចម្ងាយ ៤០គីឡូម៉ែត្រ(សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី។ តាមការកំណត់ដំណើរនេះត្រូវចំណាយពេលវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀតសម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍ ២ធ្នូ។

ព្រឹត្តិការណ៍នេះ នឹងបើកឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានដែលក្នុងនោះ យុវជន និង មហាជនដែលមានបំណងចូលរួមត្រូវមានអាយុចន្លោះពី ១៨ ទៅ៤៥ឆ្នាំ មានកាយសម្បទារឹងមាំ មានសុខភាពផ្លូវចិត្តប្រក្រតី គោរពតាមបទបញ្ជាផ្ទៃក្នុងនៃព្រឹត្តិការណ៍ ដោយឆ្លងកាត់ការវិនិច្ឆ័យ និងការសម្ភាសផ្ទាល់មាត់ពីក្រុមការងាររៀបចំ។ បន្ទាប់ទទួលបានភាពជោគជ័យ នៃការវិនិច្ឆ័យ និងការសម្ភាសរួចរាល់ អ្នកចូលរួមត្រូវមានឆន្ទៈក្នុងការបង់វិភាគទានចូលរួមចំនួន ៤០,០០០រៀល ដោយមានប្រាក់តម្កល់ចំនួន ៣៦០,០០០រៀលបន្ថែម។ ប្រាក់តម្កល់ ៣៦០,០០០រៀលនេះ នឹងប្រគល់ជូនអ្នកចូលរួមវិញ ក្រោយចប់កម្មវិធីដរាបណា អ្នកចូលរួមទាំងអស់ បានអនុវត្តពេញលេញនូវបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់ព្រឹត្តិការណ៍តាមការព្រមព្រៀងជាមុន។

ពលរដ្ឋខ្មែរជាពិសេសយុវជន យុវតី ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះអាចទាញយកពាក្យសុំចូលរួម និងលក្ខន្តិកៈផ្សេងៗតាមរយៈតំណនេះ៖ www.bit.ly/2OsgjHW ឬ ទាក់ទងមកកាន់សហភាពសហព័ន្ធយុវជនកម្ពុជា នៅស្នាក់ការកណ្តាល ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ២៤ ផ្លូវ២២៨ កែង៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬ ទាក់ទងតាមលេខទូរស័ព្ទ៖ ០១០ ៥៥៥ ៩៨៧ ឬ០១៥ ២៩ ៣៣ ៩៩ (សម្រាប់ការចូលរួម និងពាក្យសុំចូលរួម) ឬទៅកាន់លេខទូរស័ព្ទ៖ ០៩៦ ៩៩៩ ៣៩៣៣៕