(ប៉ៃលិន)៖ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាមូលដ្ឋាន និងក្រុមការងារ បានធ្វើការចុះវាស់វែងអ័ក្សផ្លូវ និងកំណត់ចំណីផ្លូវ ដើម្បីធ្វើការស្ថាបនាផ្លូវបូតុង១ខ្សែរ នាពេលខាងមុខ ដើម្បីឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ភូមិបរឌិននៀវ និងភូមិវត្ត ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ក្នុងនាមលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន សែន​ គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ​ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា​ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។

លោកអភិបាលក្រុង បានបញ្ជាក់ថា ផ្លូវថ្នល់ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។

ក្នុងឱកាសនោះ ស៊ុន​ យី ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។​

សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែរ ដែលគ្រោងធ្វើការស្ថាបនានាពេលខាងមុខនេះ គឺមានប្រវែង ៧៨០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចាប់ពីចំណុចផ្លូវជាតិលេខ៥៧ ក្បែរវិមានឯករាជ្យ ភូមិបរឌិននៀវ មកទល់ផ្លូវសាលាបឋមសិក្សារតនសោភ័ណ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត៕