(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសថា ការចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក គឺជាបេសកកម្មតំណាងផលប្រយោជន៍ខ្មែរ និងអាស៊ាន។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនត្រឹមតែចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នោះទេ សម្តេចក៏នឹងថ្លែងបទងន្តរាគមន៍ ដោយផ្តោតលើប្រធានបទ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន (គ្មានភាគីដៃគូណាមួយត្រូវបានបំភ្លេច ឬរំលងឡើយ)»

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា នេះជារបៀបវារៈផ្លូវការដែលជាសត្យានុម័ត ឆ្លើយតបទៅនឹងការធ្វើវិទ្ធង្សនាអកុសល របស់ក្រមក្រៅច្បាប់ដែលធ្វើយុទ្ធនាការប្រឌិត និងបំភ្លៃការពិត ដែលលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលសម្ពាធពីសហភាពអឺរ៉ុប ក្នុងពេលប្រជុំនោះ គឺជាការភូតភរពិតប្រាកដ និងមិនអៀនខ្មាស់។

វត្តមាន សម្តេចតេជោនាយករដ្ឋមន្ត្រី គឺឆ្លើយតបតាមការអញ្ជើញជាផ្លូវការ របស់លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Jucker ប្រធានគណៈកម្មការអឺរ៉ុប។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល, ក្នុងឱកាសនៅទីក្រុងហ្សឺណែវ រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តក្នុងកិច្ចដោះស្រាយ និងសហការលើបញ្ហាខ្វែងគំនិតគ្នា ឬប្រឈមទៅនឹងវិស័យកញ្ចប់ដទៃទៀតនៃកម្មវិធីអនុគ្រោះពន្ធសព្វសារពើលើកលើកលែងតែអាវុធ (EBAs)ផងដែរ។

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា តែកញ្ចប់នៃឧស្សាហកម្មវាយណភ័ណ្ឌកម្ពុជា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕