(​ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា ​ឆ្នាំ២០១៨នេះ​ បានដឹកនាំគណៈស្នងការនគរបាល​ខេត្ត មក​ប្រកាស​ប្រគល់​ភារកិច្ច​ និង​ធ្វើ​ពិធី​ប្រគល់​​ទទួល​ប៉ុស្តិ៍​ការពារ​សុវត្ថិភាព​ នៅ​តំបន់​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​លេខ៤ ​ក្រុង​ព្រះសីហនុ​។

ប៉ុស្តិ៍​ការពារ​សុវត្ថិភាពនេះ មានភារកិច្ច​ការពារ​សុវត្ថិភាព​ ជូន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អ្នក​វិនិយោគ​បរទេស​ ដែល​មាន​កម្លាំង​នគរបាល​១២​នាក់​ បែងចែក​​វេន​ប្រចាំការ​ ២៤​ម៉ោង​ លើ២៤ម៉ោង។ នេះបើយោង​តាម​លិខិត​បង្គាប់​ការ ​លេខ​១១៧៤ លបក១៨ ចុះ​ថ្ងៃទី​២​៧ ​ខែកញ្ញា ​ឆ្នាំ២០១៨​ របស់​ស្នង​ការដ្ឋាន​​ខេត្ត។

ក្នុងឱកាសដាក់ឲ្យដំណើរការ ប៉ុស្តិ៍​ការពារ​សុវត្ថិភាព នៅ​តំបន់​ឆ្នេរ​សមុទ្រអូរ​ត្រេះ​ចាស់នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានផ្តាំ​ផ្ញើ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​គោ​រព​វិន័យ​ឲ្យ​បាន​ល្អ ត្រូវមានស្មារតី​សាមគ្គីភាព​ឯកភាពផ្ទៃក្នុងឲ្យបានល្អ​ បំពេញ​ការងារត្រូវ មាន​ឆន្ទៈ​ប្រកបដោយ​សីលធម៌​។

ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រគល់ម៉ូតូប្រដេញចំនួន៣គ្រឿង ជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់ផងដែរ។ ក្នុងនាមគណៈស្នងការខេត្ត សូមថ្លែង​អំណរគុណ​ ចំពោះ​ក្រុម​ហ៊ុន​ Golden Sun sky entertainment ដែល​បានជួយ​ឧបត្ថម្ភ ផ្តល់​ទីតាំង​កន្លែង​ស្នាក់​នៅ​ និង​ជួយ​អាហារ​២​ពេល​ ដល់​កងកម្លាំង​ប្រចាំការ​រៀងរាល់​ថ្ងៃ៕