(កំពង់ចាម)៖ មន្ត្រីជំនាញកំពុងរង់ចាំគោលការណ៍ ពីលោកអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ដើម្បីចាត់ការទៅលើសំណង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដែលបាននិងកំពុងសាងសង់ដោយគ្មានច្បាប់។ នេះបើតាមលោក ធួន ជេដ្ឋា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

លោក ធួន ជេដ្ឋា បានឲ្យដឹងថា ចំពោះសំណង់ស្ថានីយ៍ប្រេងឥន្ធនៈ ដែលកំពុងសាងសង់ដោយមិនមានច្បាប់អនុញ្ញាតខាងលើនេះ លោកបានធ្វើរបាយការណ៍ជូនទៅអភិបាលខេត្តកំពង់ចាមរួចហើយ ។ រហូតមកដល់ពេលនេះ លោកកំពុងរង់ចាំគោលការណ៍សម្រេចពីលោកអភិបាលខេត្តកំពង់ចាម ដើម្បីចាត់ការ ក្នុងករណីសំណង់អត់ច្បាប់នោះ។

បើតាមលោក ឡោ ចាន់ឡី អភិបាលស្រុកព្រៃឈរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះដែរថា ចំណាត់ការបន្តរបស់អង្គភាពមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺមានតែការផ្តល់លិខិតឲ្យសាម៉ីម្ចាស់សំណង់ ដើម្បីបញ្ឈប់ការសាងសង់នោះ ហើយក្រោយពីផុតកំណត់បើម្ចាស់សំណង់នៅតែបំពានសាងសង់បន្តទៀត គឺមានតែ ក្រុមគណៈកម្មការ ធ្វើការវាយកម្ទេចចោលនូវសំណង់នោះតែប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោកមិនទាន់បានទទួលគោលការណ៍ថ្មីពីប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ក្រៅពីបានផ្តល់ដំណឹងជូនម្ចាស់សំណង់នោះ ចំនួន៣លើកមកហើយនោះ។

សូមរំលឹកថា សំណង់ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានលួចសាងសង់ដោយគ្មានច្បាប់អនុញ្ញាត បើទោះជាមានការហាមឃាត់ពី អភិបាលស្រុកព្រៃឈរ ចំនួន៣លើកមកហើយក្តី ហើយបច្ចុប្បន្នម្ចាស់សំណង់នៅតែបន្តសាងសង់យ៉ាងគឃ្លើន ដោយគ្មានញញើតមន្ត្រីជំនាញ ឬអាជ្ញាធរដែនដីបន្តិចសោះឡើយ។

ពាក់ព័ន្ធនិងសំណង់នេះដែរ តាមមន្ត្រីជំនាញថា ស្ថានីយ៍ថ្មីអាចអនុញ្ញតឲ្យសាងសង់បានលុះត្រាតែមានគម្លាតពីគ្នាចាប់២០០ម៉ែត្រឡើងទៅ ដូច្នេះសម្រាប់ស្ថានីយ៍ថ្មី គឺនៅទល់មុខគ្នា ជាមួយស្ថានីយ៍ចាស់ ពោលគឺមន្ត្រីជំនាញមិនអនុញ្ញតឲ្យធ្វើការសាងសង់នោះទេ។

ប្រការនេះលោក ធួន ជេដ្ឋា បានឲ្យដឹងផងដែរថា លោកធ្លាប់បានធ្វើលិខិតហាមឃាត់ម្ចាស់សំណង់នោះដែរ និងធ្លាប់អញ្ជើញម្ចាស់សំណង់មកធ្វើកិច្ចសន្យារួចហើយ ឲ្យគាត់រុះរើសំណង់នោះវិញ ដោយមិនអនុញ្ញតឲ្យសាងសង់បន្តទេ។ បើម្ចាស់ស្ថានីយ៍នៅតែបន្តការសាងសង់ទៀត ខាងលោកមានតែរង់ចាំគោលការណ៍ពីលោកអភិបាលខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី៕