(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី​០៨នាក់ ទៅតុលាការ​ដើម្បីផ្តន្ទាទោស​ ពាក់ព័ន្ធករណីគ្រឿងញៀន ​និងថ្នាំក្រាមពណ៌សថ្លា​០៤កញ្ចប់ (ប្រភេទម៉ាទឹកកក)។​

ពួកគេទាំង​០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង ០៨នាក់នេះ រួមមាន៖ ទី១៖ឈ្មោះ សុខ ស៊ាង​ អាយុ​២៥ឆ្នាំ​, ទី២៖ឈ្មោះ អ៊ី ជីឃាង ​អាយុ​១៩ឆ្នាំ​, ទី៣៖ឈ្មោះ មាន ផាន់ណេត អាយុ​២៨ឆ្នាំ​, ទី៤៖ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ​២៧ឆ្នាំ​, ទី៥៖ឈ្មោះ វ៉ាន់ ផល្លី​​ អាយុ​២៨ឆ្នាំ​, ទី៦៖ឈ្មោះ ឡៃ ចាន់ដារ៉ា​ អាយុ​២៧ឆ្នាំ​, ទី៧៖ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ​២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១៖៣០នាទី ចំណុច​បន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

ទី៨៖ឈ្មោះ ជួប ចេក​ អាយុ​៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន​កាលពីវេលាម៉ោង០៩៖​២០នាទី ចំណុច​ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមការសាកសួរ​របស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​០៨នាក់​ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​ប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន​កសាងសុំណុំរឿង និងប្រមូលវត្ថុតាង​បញ្ជូនពួកគេ​ទៅតុលាការ​ដើម្បីចាត់ការតាមច្បាប់៕