(ភ្នំពេញ)៖ ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់ប្រៀបដូចជាសង្គ្រាមដ៏ស្រួចស្រាវមួយរវាងមន្ត្រីអនុវត្តន៍ច្បាប់ ជាមួយក្រុមឈ្មួញទុច្ចរិតចូលចិត្តរកស៊ីដឹកលើសទម្ងន់។

លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់បេសកកម្មពិសេសជាប្រធានក្រុមការងារបោសសំអាតការដឹកជញ្ជូនលើសទម្ងន់លើដងវិថីនេះ។

ចាប់តាំងពីទទួលភារកិច្ចមួយនេះមក លោក សេង ឈួន ត្រូវបានគេផ្តល់រហស្សនាមជាមន្រ្តីមុខដែកបំបែកសំណុំរឿងដឹកជញ្ជូនលើសទម្ងន់កំណត់ដោយគ្មានការយោគយល់នោះឡើយ បើទោះបីម្ចាស់រកស៊ីដឹកលើសទម្ងន់នោះជាអ្នកមានលុយ មានអំណាច និងមានឥទ្ធិពលក៏ដោយនោះ។

ប្រតិបត្តិការប្រឈមធំជាងគេក្នុងការអនុវត្តន៍ច្បាប់លុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់នេះ គឺនៅពេលដែលចាប់ចំរថយន្តរបស់របស់ឈ្មួញធំៗ និងមានឥទ្ធិពលដូចជាមន្រ្តីយោធា ឧកញ៉ាដែលមានខ្សែជាមន្ត្រីធំៗ។

លោក សេង ឈួន បានបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅពេលបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកលើសទម្ងន់របស់ឈ្មួញមានឥទ្ធិពល មានអំណាច តែងមានទូរស័ព្ទមកសុំអន្តរាគមន៍ ហើយពេលខ្លះមានការគំរាម និងសម្លុតរូបលោកថែមទៀតផង។

លោក សេង ឈួន បានរៀបរាប់ទៀតថា ព្រោះតែការអនុវត្តន៍វិធានការច្បាប់កម្ចាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ស្របតាមច្បាប់កំណត់ ក៏ដូចជាបទបញ្ជាដ៏ដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះ មានមន្រ្តីធំៗ អ្នកមានឥទ្ធិពល មានអំណាចជាច្រើន ធ្លាប់មានទំនាក់ទំនងនឹងគ្នាពីមុនមក បានឈប់និយាយរករូបលោក ហើយសូម្បីតែមុខរបស់លោកក៏គេឈប់មើលផងដែរ។

មន្រ្តីទទួលបន្ទុកប្រតិបត្តិការបោសសំអាតរថយន្តដឹកលើសទម្ងន់រូបនេះ បានលើកឡើងថា ការងារបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ ជាបញ្ហាក្តៅ ហើយលំបាកបំផុតសម្រាប់រូបលោក។

ទោះបីជាយ៉ាងណាលោកនឹងបន្តប្រឹងអនុវត្តន៍ការងារយ៉ាងម៉ឹងម៉ាត់ ដោយតម្លាភាព ស្មើភាព និងគ្មានការងាររើសអើងរវាងអ្នកមានអំណាច និងប្រជាពលរដ្ឋធម្មតានោះឡើយ ដើម្បីរួមចំណែកកាត់បន្ថយការបំផ្លាញផ្លូវពីការដឹកជញ្ជូនលើសទម្ងន់នេះ។

លោក សេង ឈួន បានបង្ហាញក្តីសង្ឃឹមថា មន្រ្តីរកស៊ីធំៗទាំងឡាយនឹងយោគយល់ចំពោះការអនុវត្តន៍ច្បាប់របស់លោក ដោយមិនឲ្យការអនុវត្តន៍ច្បាប់នេះ ក្លាយទៅជាអាវុធកាត់ផ្តាច់ការរាប់អាន និងទំនាក់ទំនងគ្នានោះឡើយ។

លោកក៏រំពឹងថា ការអនុវត្តន៍វិធានការច្បាប់ដ៏តឹងរឹងនេះ នឹងធ្វើឲ្យអ្នករកស៊ីទាំងអស់ភ្ញាក់រលឹក មានស្មារតីគោរពច្បាប់ទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឲ្យផ្លូវនៅកម្ពុជាប្រើប្រាស់បានយូរមិនឆាប់ខូចដោយសារតែការដឹកលើសទម្ងន់៕