(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសចាត់វិធានការដោយមិនមានការលើកលែងនោះឡើយ ចំពោះមន្ត្រីស្ថានីយជញ្ជីងថ្លឹងទាំងឡាយ ដែលឃុបឃិតជាមួយឈ្មួញដឹកលើសទម្ងន់អនុញ្ញាតឲ្យរថយន្តឆ្លងកាត់ដោយមិនឆ្លងកាត់ជញ្ជីង។

ការព្រមានចាត់វិធានការច្បាប់ចំពោះមន្ត្រីជញ្ជីងថ្លឹងរថយន្តខិលខូចឃុបឃិតជាមួយឈ្មួញចូលចិត្តរកស៊ីដឹកលើសទម្ងន់នេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែតុលា កន្លងទៅថ្មីៗនេះ ក្នុងពេលដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះពិនិត្យការជួសជុលផ្លូវជាតិលេខ៤៨ (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង) ដែលផ្លូវនេះរងការខូចខាតដោយសារការដឹកលើសទម្ងន់មួយចំនួន និងមួយចំណែកទៀតដោយសារតែជំនន់ទឹកភ្លៀង។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា លោកទទួលបានព័ត៌មានមានមន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តមួយចំនួន បានអនុញ្ញាតឲ្យរថយន្តដឹកទំនិញធ្វើដំណើរដោយមិនឆ្លងកាត់ជញ្ជីងជាថ្នូរនឹងផលប្រយោជន៍ផ្សេងៗពីក្រុមឈ្មួញទុច្ចរិត។

លោកបានរំលឹកថា មានមន្ត្រីស្ថានីយជញ្ជីងថ្លឹងប្រមាណ ១៤រូបហើយ ត្រូវបានលោកផ្លាស់ប្តូរចេញដោយសារតែឆ្កឹះជញ្ជីង ហើយសំណុំរឿងរបស់ពួកគេត្រូវបានបញ្ជូនទៅតុលាការ។ លោករដ្ឋមន្ត្រី បានដាស់តឿនទៅដល់មន្រ្តីស្ថានីយដទៃទៀត ត្រូវតែធ្វើការងារឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ លោកនឹងចាត់វិធានការទៅច្បាប់ដោយគ្មានការលើកលែងនោះឡើយ។

លោក ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវទៅកាន់មន្ត្រីស្ថានីយជញ្ជីងថ្លឺងបែបនេះ «សូមបញ្ចាប់ជាបន្ទាន់ យើងខ្ញុំមិនអនុញ្ញាតបន្តទៅទៀតទេ។ ខ្ញុំលើកប៉ុន្មានដងហើយថា កុំឲ្យសុទ្ធត្រូវតែថ្លឹងទាំងអស់ កុំយកលុយកន្លែងជញ្ជីងហ្នឹង។ យើងខ្ញុំបានមើលទាំង Facebook ផង ទាំងព័ត៌មានផង បានលើកឡើងថា កន្លែងនេះកន្លែងនោះឲ្យគេបើកពេលយប់មិនបាច់ថ្លឹងទេបង់តែលុយទៅ ប៉ុន្តែខ្ញុំមិនទាន់ច្បាស់ថាពិត ឬមិនពិតទេ? តែខ្ញុំសំណូមពរមន្ត្រីយើងទាំងអស់ មន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូនទាំងអស់ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នេះឯង ដែលបំផ្លាញផ្លូវជាតិយើង»

លោកបន្តថា «សូមអំពាវនាវម្តងហើយម្តងទៀត កុំថាយើងខ្ញុំមិនអនុវត្តតាមផ្លូវច្បាប់។ មិនអនុញ្ញាតឲ្យមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមបំផ្លាញផ្លូវរបស់ខ្លួនឯងដាច់ខាត។ មិនអាចអ្វើអ៊ីចឹងបានទេ»

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់នេះបច្ចុប្បន្ននេះមានស្ថានីយជញ្ជីងថ្លឹងរថយន្តចំនួន២៥ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវជាតិសំខាន់សម្រាប់ថ្លឹងរថយ្តដឹកទំនិញធំៗទប់ស្កាត់ការដឹកលើសទម្ងន់។ តែជារឿយៗតែងមានការរាយការណ៍ថា មន្ត្រីគ្រប់គ្រងនៅតាមស្ថានីយជញ្ជីងថ្លឹងមួយចំនួនបានឃុបឃិតជាមួយឈ្មួញរកស៊ីដឹកជញ្ជូនអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ដោយចូលថ្លឹងនោះឡើយ។ ដើម្បីតាមដានសកម្មភាពត្រួតពិនិត្យការអនុវត្តន៍ការងារក្រសួងសាធារណការ បានបំពាក់កាមេរាសុវត្ថិភាពនៅតាមស្ថានីយថ្លឹងរថយន្តនីមួយៗ ប៉ុន្តែកាមេរានោះពេលខ្លះត្រូវមន្ត្រីគ្រប់គ្រងនោះលួចផ្តាច់ខ្សែថែមទៀតផង។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសប្តេជ្ញាថា នឹងចិត្តខិតខំទប់ស្កាត់មិនឲ្យមន្ត្រីរបស់ខ្លួននៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តអនុញ្ញាតឲ្យរថយន្តឆ្លងកាត់ដោយមិនបានថ្លឹងត្រឹមត្រូវនោះឡោះយ៕