(ភ្នំពេញ)៖ លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។ នេះបើតាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។

ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។

បើតាមបញ្ជីឈ្មោះដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺនៅក្នុងបញ្ជីឈ្មោះខាងលើនេះ មានតែតំណាងកម្ពុជាតែមួយប៉ុណ្ណោះ គឺលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងគណៈប្រតិភូសភាកម្ពុជាមួយចំ​នួន ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ ហើយអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថា តំណាងកម្ពុជា។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់បណ្តាញព័ត៌មាន ​Fresh News ឱ្យដឹងថា លោក សម រង្ស៊ី ពិតជាមិនមានឈ្មោះនៅក្នុងបញ្ជីចូលរួមហាសន្និបាត IPU ពិតប្រាកដមែន ហើយពេលនេះតាមព័ត៌មានដែលលោកទទួលបាន គឺលោក សម រង្ស៊ី គ្រាន់តែនៅខាងក្រៅកិច្ចប្រជុំតែប៉ុណ្ណោះ។ ណាមួយពេលនេះ លោក សម រង្ស៊ី មិនមែនជាសមាជិករដ្ឋសភាកម្ពុជា នោះទេ។

លោកអះអាងថា តំណាងសភាកម្ពុជា នឹងជំទាស់បើសិនជា IPU អញ្ជើញទណ្ឌិត សម រង្ស៊ី ឱ្យចូលរួមមហាសន្និបាតនេះ ប៉ុន្តែបើតាមព័ត៌មានដែលលោកទទួលបាន គឺលោក សម រង្ស៊ី ទៅកាន់ទីក្រុងហ្សឺណែវលើកនេះ គ្រាន់តែក្នុងនាមដើមបណ្តឹង ដែលបានប្តឹងជំទាស់ទៅ IPU កន្លងមកតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា សហភាពអន្តរសភា បានបើកមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

តបតាមការអញ្ជើញរបស់ លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា ​តំណាងឱ្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមមហាសន្និបាតនេះ៕