(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាស្បៀងអាហារពិភពលោក លើកទី៣៨ ឆ្នាំ២០១៨ ក្រោមប្រធានបទ «យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឲ្យបានដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០» ដែលរៀបចំធ្វើឡើង នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ទិវានេះ មានការចូលរួមពីសំណាក់ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្តកំពង់ចាម លោកស្រី Francesca Erdelmann តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា លោក Alexandre HUYNH តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា បងប្អូនតំណាងកសិករ និងសហគមន៍កសិកម្មយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរ ទាំងបច្ចេកទេស និងថវិកា ដែលបានញុំាងឲ្យទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសភាតរភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពេញលេញយ៉ាងល្អប្រសើរ។

ទិវាខាងលើនេះ ប្រព្រឹត្ដឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទី ដ៏មានសារៈសំខាន់ នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងអភិវឌ្ឍន៍ជនបទ ឈានទៅបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជន នៃបណ្តាប្រទេសមួយចំនួន នៅទូទាំងសាកលលោកនាឆ្នាំ២០៣០។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០» ចូលរួមគ្នាកាត់បន្ថយភាពអត់ឃ្លាន ឲ្យបានដល់កម្រិតសូន្យ ត្រឹមឆ្នាំ២០៣០។

លោករដ្ឋមន្រ្តី វេង សាខុន បានស្នើសុំឲ្យអង្គភាពជំនាញនីមួយៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយដូចតទៅ៖

ទី១៖ ជំរុញការរៀបចំ និងដាក់ឲ្យអនុវត្ត «ផែនការមេសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ឆ្ពោះទៅឆ្នាំ២០៣០» និង «ផែនការយុទ្ធសាស្រ្តអភិឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣» ប្រកបដោយប្រសិទ្ធភាព។

ទី២៖ បង្កើនផលិតភាព គុណភាព និងពិពិធកម្ម តាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍពូជដំណាំ ពូជសត្វ និងការចិញ្ចឹមត្រី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។ ជំរុញការអភិឌ្ឍកសិដ្ឋានគំរូ ការផ្តល់សេវា បច្ចេកទេស ការពង្រឹង ការគ្រប់គ្រងសហគមន៍កសិកម្ម ការផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបន្តកាត់បន្ថយថៃ្ល និងពង្រឹងគុណភាព នៃធាតុចូលកសិកម្ម ព្រមទាំងការជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត និងឌីជីថល។

ទី៣៖ ចូលរួមលើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញឲ្យមានការវិនិយោគឯកជនលើកសិផល ដែលមានសក្តានុពល ដូចជា៖ ស្រូវ ដំទ្បូងមី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម។ ការកែលម្អនូវបរិយាកាស ធុរកិច្ច សំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍ និងស្រាវជ្រាវ ដើម្បីគាំទ្រដល់ការបង្កើតការងារ និងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក។

ទី៤៖ បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឲ្យការនាំចូល និងសម្របសម្រួលការរៀបចំ បង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។

ទី៥៖ ធ្វើកសិកម្មចម្រុះ ទៅតាមសក្តានុពលនៃភូមិសាស្ត្រនីមួយៗ ដោយមិនត្រូវធ្វើតែស្រែមួយមុខនោះឡើយ ហើយមន្ត្រីជំនាញ ត្រូវជួយផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្មសមស្រប ការគិតគូរអំពីតម្រូវការទីផ្សារ ជៀសវាងការធ្វើតាមគ្នាដោយពុំមានផែនការច្បាស់លាស់។

ទី៦៖ ត្រូវជំរុញពាណិជ្ជូបនីយកម្មកសិកម្ម តាមរយៈការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបលើមន្ទីរពិសោធន៍ សម្រាប់នាំចេញ៕