(បន្ទាយមានជ័យ)៖ ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានចេញមុខសុំទោសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ចំពោះមន្ត្រីនគរបាល នៅស្រុកស្វាយចេក ដែលបានប្រើហិង្សាមកលើប្រជាពលរដ្ឋស្លូតត្រង់។ បន្ថែមលើការសុំទោស ស្នងការខេត្តបន្ទាយមានជ័យ ក៏បានអះអាង មន្ត្រីនគរបាលដែលប្រព្រឹត្តខុសនឹងទទួលវិន័យទៅតាមទង្វើ ដែលប្រព្រឹត្តផដែរ។

«ខ្ញុំបាទ សុំទោសជាសាធារណចំពោះប្រជាពលរដ្ឋនូវទង្វើររបស់នគរបាលបុគ្គលមួយចំនួនតូច នៅអធិការដ្ឋានស្រុកស្វាយចេក ដែលបានធ្វើទៅលើប្រជាពលរដ្ឋក្នុងភូមិចំការគ ឲ្យប្រជាពលរដ្ឋមានការឈឺចាប់កន្លងមក។ នគរបាលប្រព្រឹត្តខុសនឹងទទួលវិន័យទៅតាមទង្វើដែលប្រព្រឹត្ត»

ក្រោយក្នុងកិច្ចប្រជុំជាមួយជនរងគ្រោះ និងមន្ត្រីដែលពាក់ព័ន្ធករណីហិង្សានៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោក អាត់ ខែម បានឲ្យដឹងថា មន្ត្រីដែលជាប់ពាក់ព័ន្ធករណីហិង្សាលើពលរដ្ឋនេះ នឹងត្រូវដកតួរនាទី និងទទួលទោសផ្នែករដ្ឋបាល។ «ជាគោលការខ្ញុំ នឹងដាក់ទោសផ្នែករដ្ឋបាលតាមទង្វើនគរ​បាលដែលបានធ្វើខុស យើងនឹងគិតទៅតាមកំរិតអ្នកដែលបានធ្វើខុស តាមកំរិតបុគ្គល អ្នកណាត្រូវដាក់ពិន័យ អ្នកណាត្រូវដកតួនាទី និងត្រូវផ្លាស់ប្តូរភារកិច្ច»

បើទោះជាមានគោលការណ៍ ចាត់ការមន្ត្រីដែលប្រើហិង្សាលើពលរដ្ឋ កំឡុងពេលបំពេញការងារ នៅអធិការស្រុកស្វាយចេកនេះក្តី តែនៅពេលនេះគឺមិនទាន់មានលិខិតដកតំណែង និងបញ្ឈជើងមន្ត្រីទាំងនោះជាផ្លូវការនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែខែតុលា កន្លងទៅមន្ត្រីនគរបាល ក្រោមការគ្រប់គ្រងរបស់លោក ជា ស្លូញ អធិការស្រុកស្វាយចេក បានព្រួតគ្នាចាប់ប្រជាពលរដ្ឋម្នាក់ វាយខ្នោះព័ទ្ធស្លាបសេកទៅក្រោយ និងទាត់ធាក់ជាច្រើនជើងបញ្ចូលក្នុងឡាន ដោយមិនបានធ្វើការស្រាវជ្រាវ រកភស្តុតាងអ្វីទាំងអស់ លើករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិថៃ បើកឡានបុកផ្ទះពលរដ្ឋនៅក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយថ្ងៃកើតហេតុនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានដាក់ពាក្យប្តឹងមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ករណីមន្ត្រីនគរបាលប្រើហិង្សាដោយបង្ខំ តែគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី១២ ខែតុលា ជនរងគ្រោះ មិនអស់ចិត្តព្រោះគ្មានយុត្តិធម៍ ក៏សម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់តែម្តង។

ក្នុងលិខិត្តសុំអន្តរាគមន៍រកយុត្តិធម៌ ពីសម្តេចក្រឡាហោម ស ខេង ចុះលេខចូល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះ ឈ្មោះ ទឿង សុផល ជាជាងជួសជុលម៉ូតូ នៅភូមិចំការគ ស្រុកស្វាយចេក បានរៀបរាប់ថា នគរបាលស្រុកស្វាយចេក មានគ្នា៧នាក់ បានវាយធ្វើបាប និងធាក់ចូលក្នុងរថយន្តប៉ូលិស រួចហើយមន្រ្តីនគរបាលនិយាយថា ចាំមើលចូលក្នុងឡាន វាយហ្អែងថែមទៀត។ «ដូចការគ្រោងទុក ពេលចូលក្នុងឡាន មន្រ្តីនគរបាលបានបន្តវាយខ្ញុំជាច្រើនដៃបណ្តាលឲ្យបាត់បង់ស្មារតីម្តងៗ។ នៅពេលនគរបាល ទះកំភ្លៀង និងវាយស្នៀតផ្កាម្តងៗ លាន់សំឡេងលឺផាច់ៗ ផ្លាប់ៗ ខ្ញុំស្រែកដោយមិនដឹងខ្លួនអ៊ូយៗ។ លោក ទឿង សុផល បានឲ្យដឹងថា នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ពេលសមត្ថកិច្ចដឹករូបលោកទៅដល់កន្លែងអធិការស្រុកស្វាយចេក មន្រ្តីនគរបាលបានទាញរូបលោកពីលើរថយន្តឲ្យទៅអង្គុយទាំងដៃជាប់ខ្នោះ ហើយមន្រ្តីនគរបាលបាន ទះកំភ្លៀងរបស់លោកផាំង ធ្វើឲ្យលោក ទឿង សុផល ដួលអុកគូថដល់ដីងើបអង្គុយមិនរួច។ «បន្ទាប់ពីខ្ញុំដួលនគរបាលបានដាក់ខ្នោះជើងខាងស្តាំរបស់ខ្ញុំ រួចហើយទើបដកខ្នោះដៃវិញ បន្តិចក្រោយមកសមត្ថកិច្ចបានយកដំបង មួយមកហើយនិយាយថា ដំបងនេះទុកវាយអាមុខឌឺ»

នៅក្នុងលិខិត្តសុំអន្តរាគមន៍ ពីក្រសួងមហាផ្ទៃបានឲ្យដឹងថា ការប្រើហិង្សា និងការប្រមាថមើលងាយរបស់អាជ្ញាធរមកលើពលរដ្ឋនេះ គឺកើតឡើងបន្ទាប់ពីសមត្ថកិច្ចអធិការ ស្រុកស្វាយចេក បានចុះទៅចាប់ខ្លួន លោក ទឿង សុផល ពាក់ព័ន្ធករណីរថយន្តជនជាតិថៃ បើកឡានបុកផ្ទះពលរដ្ឋនៅក្នុងភូមិចំការគ រួចបង្កឲ្យម្ចាស់ផ្ទះមានរបួសស្នាម។ លោក ទឿង សុផល ពន្យល់ថា សមត្ថកិច្ចប្រើពេលប្រហែល២០នាទី ដើម្បីធ្វើកំណត់ហេតុចរាចរណ៍ ក្រោយពេលដែលសមត្ថកិច្ចចុះទៅចាប់ខ្លួនរូបលោក ដោយគ្រាន់តែសួរថា តើបានវាយជនជាតិថៃដែរឬទេ? លោក សុផល ឆ្លើយថា មិនបានវាយទេ គាត់ដួលដោយខ្លួនឯង។ នគរបាលមិនស្តាប់ការពន្យល់ មិនបានធ្វើការស្រាវជ្រាវសួរនាំសាក្សីនៅកន្លែងកើតហេតុអ្វី ទាំងអស់ មិនវាស់ជាតិស្រវឹងអ្នកបង្កហេតុ ដោយផ្អែកតែទៅលើរបួសជនជាតិថៃ ដែលដើរដួលដោយខ្លួនឯង ក៏សម្រេចចិត្តចាប់រូបលោក មកប្រើហឹង្សាតែម្តង។ លុះដល់ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ទើបដឹងថា ជនជាតិថៃ ដែលស្រវឹងជោក គឺដើរដួលដោយខ្លួនឯង បង្កឲ្យមានរបួសមុខ។ អង្គហេតុដដែលបានបង្ហាញថា ក្រោយដឹងថា រូបលោក មិនមែនជាអ្នកបង្ករបួសស្នាម មិនមែនជាអ្នកវាយរថយន្ត ក៏នគរបាលស្រុកស្វាយចេក នៅតែបង្ខំឲ្យលោកផ្តិតមេដៃសងប្រាក់ថ្ងៃខូចខាតរថយន្តជំនួស អ្នកប្រព្រឹត្តិដែរ។

តាមលោក ទឿង សុផល មូលហេតុដែលលោកសម្រេចមកសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយស្វែងរកយុត្តិធម៌ និងចាត់ការតាមច្បាប់ ព្រោះលោកបានដាក់ពាក្យប្តឹង នៅអធិការស្រុកស្វាយចេក ពាក់ព័ន្ធការប្រើហឹង្សាមកលើរូបលោកនេះគឺគ្មានអ្នកទទួលពាក្យបណ្តឹង ផ្ទុយមកវិញ នៅពេលលោក ដាក់ពាក្យប្តឹងមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺមានមន្រ្តីមួយចំនួនបានព្យាយាម ចរចារឲ្យរូបលោក ដកពាក្យបណ្តឹង និងសន្យាឈប់វាយទៅវិញ។

តាមលោក ទឿង សុផល មិនមែនមានតែរូបលោកមួយទេ ដែលទទួលរងនៅភាពអយុត្តិធម៌ និងការវាយដំបែបនេះ លោកជឿងថា មានពលរដ្ឋស្លូតត្រង់ជាច្រើនទៀត ដែលទទួលរងនៅភាព អយុត្តិធម៍ដូចរូបលោក ព្រោះ នៅតំបន់ស្រុកស្វាយចេក ពេលនិយាយដល់មន្ត្រីនគរបាលយុត្តិធម៍ស្រុកស្វាយចេក អ្នកទន់ខ្សោយ និងដឹងខ្លួនជាមុនថា និងទទួលរងគ្រោះ និងការគៀបសង្កត់ ព្រោះប៉ូលីសមិនស្តាប់ហេតុផលពីពលរដ្ឋទន់ខ្សោយ។ លើបញ្ហានេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ផងដែរថា ពិតជាមានពាក្យបណ្តឹងមួយចំនួន ជុំវិញភាពមិនប្រក្រតីនៅក្នុងស្រុកស្វាយចេកនេះមែន។

ជាងម៉ូតូ ដែលរងគ្រោះដោយអំពើហឹង្សាពីអាជ្ញាធរ នៅភូមិចំការគ បន្តថា បើនៅតែមានមន្ត្រីដែលតែងតែធ្វើទារុណកម្មមកលើពលរដ្ឋ និងគៀបសង្កត់ពលរដ្ឋខ្លួនឯង ដូចអធិការស្រុកស្វាយនេះ ពលរដ្ឋពិតជារស់នៅមិនបានសុខ ហើយនិងធ្វើឲ្យពលរដ្ឋស្លូតត្រង់ភ័ន្តច្រឡំដល់ ថ្នាក់ដឹកនាំល្អៗដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ៣ថ្ងៃ ក្រោយដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង, លោក ទឿង សុផល បានទទួលពន្លឺយុត្តិធម៍ គឺស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសម្រេច ចាត់ការមន្ត្រីហិង្សាទាំងនោះ និងជំនួសមន្ត្រីល្អៗ ដើម្បីបម្រើប្រជាពលរដ្ឋវិញ។ ជនរងគ្រោះចង់ឃើញ ចំណាត់ការផ្លូវការកាន់តែលឿនកាន់តែល្អ៕