(ស្វាយរៀង)៖ ​ទេសរដ្ឋមន្រ្តី​ គន់​ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ​​បានអញ្ជើញ​ជួប​សំណេះសំណាល​ និងនាំយក​ប័ណ្ណ​បេឡាសន្តិសុខសង្គម​​ របស់សម្តេចតេជោ ហ៊ុន សែន ​​​ផ្តល់ជូន​ដល់សមាជិកអតីតយុទ្ធជនខេត្តស្វាយរៀង ចំនួន​​១៥២២​នាក់។​

ក្រោយពី​បាន​ស្តាប់​នូវរបាយកាណ៍​របស់​ លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ប្រធាន​សមាគម​អតីត​យុទ្ធជន​ខេត្តស្វាយរៀង​​រួចមក​ ​​ទេសរដ្ឋមន្រ្តី​ គន់ គីម បាននាំមកនូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសម្តេចតេជោ​ ហ៊ុន សែន​​ ជូនដល់​បងប្អូន​​សមាជិក​​ ព្រមទាំងបានបញ្ជាក់ថា ​ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ របស់សម្តេច​ ចំពោះសមាជិក​ជាពិសេសការអនុវត្តនូវគោលនយោបាយគាំពារសង្គម​ ដែលសម្តេចបានប្រកាលនៅក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោតកន្លងមក​ ទើបថ្ងៃនេះសមាជិកទាំងអស់ទទួលបានប័ណ្ណ​បេឡា​សន្តិសុខសង្គម​ សម្រាប់ការព្យាបាលជំងឺ ដោយមិនអស់លុយ​នៅតាមមន្ទីរពេទ្យ។

​ទេសរដ្ឋមន្រ្តី​ អគ្គលេខាធិការ ក៏​បានថ្លែងកោតសសើរ និងអរគុណចំពោះបងប្អូន​ទាំងអស់ ដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ រហូតទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងស្រុង ហេតុនេះ​សូមឲ្យ​ថ្នាក់ដឹកនាំ​សមាគមគ្រប់ថ្នាក់ ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះបងប្អួនសមាជិក​សមាគមអតីតយុទ្ធជន​នៅទូទាំងខេត្ត​ ខិតខំដោះស្រាយរាល់បញ្ហាប្រឈមជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ឲ្យសមទៅនឹងការដែលពួកគាត់ បានបោះឆ្នោតផ្តល់ការជឿទុកចិត្តចំពោះគណបក្សប្រជាជន​។

សូមបញ្ជាក់ថា កន្លងមក​សមាគមអតីតយុទ្ធជន ​​ដែល​មានជីវភាព​លំបាកត្រូវបានទទួល ផ្ទះ២០១ខ្នង ជាអំណោយ​របស់​សម្តេចតេជោ​ ហ៊ុន សែន ​​​ដោយឡែក​ថ្ងៃនេះ​ តាមសំណើ​របស់​សមាគមខេត្ត ទេសរដ្ឋមន្រ្តី​ គន់ គីម បានគោរពស្នើសុំ​សម្តេចតេជោ​ និងត្រូវបាន​​សម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនអ្នកមាន​ជីវភាព​លំបាក​​៤០ខ្នង​ និងសូមឲ្យ​ថ្នាក់ដឹកនាំ​ ស​ អ​ ក​ ខេត្ត​ តាមរយៈ​លោកអភិបាលខេត្ត​ ស្នើសុំដីបម្រុងរបស់រដ្ឋ ​និងសុំផ្ទះបន្ថែមពី​សម្តេចតេជោ​ ហ៊ុន សែន ជូនអ្នកដែលអត់ដីអត់ផ្ទះបន្តទៀត។​

ជាមួយគ្នានោះ​ ទេសរដ្ឋមន្ដ្រី គន់ គីម​ ក៏បានលើកសរសើរ​ និងគាំទ្រចំពោះ​គំនិតផ្តួចផ្តើមរបស់លោក​ ម៉ែន​ វិបុល អភិបាលខេត្ត​ស្វាយរៀង​ ដែល​លើកគោលការ​ណ៍ឲ្យតាមមន្ទីរជុំវិញខេត្ត​ ជួយឧបត្ថម្ភតាមគ្រួសារ​អតីត​យុទ្ធជន​យើង ដែលបានទទួលផ្ទះអំណោយពីសម្តេចតេជោ ​ទាំង២០០គ្រួសារ​ នៅភូមិជីកដី​ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ក្នុងស្ថានភាពដែលបងប្អូន ទើបនឹងមករស់នៅ​កន្លែងថ្មីមិនទាន់មានលំនឹង៕