(ភ្នំពេញ)៖ ជនជាតិចិន២នាក់ បានធ្វើសកម្មភាពចូលប្លន់ហាងលក់ភេសជ្ជៈរបស់ជនជាតិចិនដូចគ្នាមួយកន្លែង នៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៦៣ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ យកអស់ប្រាក់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយមិនបង្កការរំខានដល់កម្លាំងនគរបាលបន្ដិចនោះឡើយ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះថា ជុំវិញករណីប្លន់ដែលកើតឡើង ក្នុង​ខណ្ឌដូនពេញនេះ សមត្ថកិច្ចហាក់មានការលាក់បាំងព័ត៌មាន ដោយមិនឲ្យអ្នកសារព័ត៌មានដឹងលឺនោះឡើយ ពោលមិនអាចបញ្ជាក់អំពីដំណើររឿងហេតុនោះទេ។

ប៉ុន្ដែទោះជាយ៉ាងណា មន្ដ្រីនគរបាលតូចតាច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានលួចបង្ហើបឲ្យដឹងថា ជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានជនជាតិចិន២នាក់ បានដើរចូលក្នុងហាងរបស់ខ្លួន ហើយបានអង្គុយពិភាក្សាគ្នារឿងរកស៊ី ប្រហែលជា៥នាទី ហើយម្នាក់ក៏ទាររកញ៉ាំមី ភ្លាមនោះជនរងគ្រោះក៏បានក្រោកទៅយកមី ដើម្បីឆុងទឹកក្ដៅជូន ខណៈនោះជនសង្ស័យម្នាក់ទៀត ​បានដើរតាមខ្លួនពីក្រោយគៀកកជាប់ និងម្នាក់ទៀត បានដើរទៅទារទ្វារបិតរួចនាំគ្នា ចាប់ខ្លួនចងមាត់ ចងដៃជើង រួចយកឡើងទៅជាន់ទី១ គំរាមសួររកលុយ ហើយក៏បានយកសោរពីខ្លួន មកចាក់ថតតុយកលុយអស់ប្រមាណ៣ម៉ឺនដុល្លារ, លុយចិន៨ពាន់យ៉េន, ទូរស័ព្ទដៃចំនួន២គ្រឿង រួចគេចខ្លួនបាត់។

ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងស្រាវជ្រាវបន្ដ ដើម្បីតាមប្រមាញ់ក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕​