(ឧត្តរមានជ័យ​)៖​​ លោក ស ថាវី អភិបាលខេត្ត​ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត​ ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៨នេះ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារចាស់ជរា ជនពិការ ផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ​ ដែលកំពុងមានជីវភាពខ្វះខាត​​ចំនួន​១៩៨គ្រួសារ មកពីរឃុំក្រសាំង​ និងឃុំពង្រ ក្នុងស្រុកចុងកាល់​ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ លោកស ថាវី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វី​ឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល »។

អភិបាលខេត្ត ក៏បានផ្តាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឱ្យមូសខាំ ជាហេតុនាំឱ្យកើតមានជំងឺគ្រុនចាញ់ គ្រុនឈាម និងជម្ងឺឆ្លងផ្សេងៗ។

ពលរដ្ឋទាំង ១៩៨គ្រួសារ ដែលផ្តល់ជូនអំណោយនាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីតមួយកញ្ចប់ និងថវិកាមួយម៉ឺនរៀលផងដែរ៕