(ភ្នំពេញ)៖ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនាសម័យបច្ចប្បន្ននេះ កេរដំណែលរបស់បុព្វបុរសខ្មែរកាន់តែត្រូវបានថែរក្សាការពារ និងផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ ជាក់ស្ដែងដូចជាតំបន់ប្រាសាទសំបូរព្រៃគុកជាដើម ដែលពេលនេះ កំពុងត្រូវបានផ្សព្វផ្សាយលើឆាកអន្តរជាតិយ៉ាងផុសផុល តាមរយៈរូបភាព អត្ថន័យ និងឈ្មោះឈុតសម្លៀកបំពាក់តំណាងជាតិ ព្រមទាំងគ្រឿងអលង្ការលម្អលើខ្លួនបេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា ផងដែរ។

ឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជាដ៏ស្រស់សោភាដាច់គេនេះ គឺជាឈុតសម្លៀកបំពាក់របស់ទេពីក្នុងវប្បធម៌ខ្មែរនាសម័យចេនឡា ត្រូវបានប្រសិទ្ធនាមថា «ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ»។

ការប្រសិទ្ធនាម ការរៀបចំតុបតែងឈុតសម្លៀកបំពាក់តំណាងជាតិ និងគ្រឿងអលង្ការលម្អលើខ្លួនបេក្ខនារីបវរកញ្ញាកម្ពុជានេះ ជាការផ្ដួចផ្ដើមដោយក្រុមហ៊ុន Attract advertising ក្រោមការសហការពីលោកសាស្ត្រចារ្យ ចាន់ សោភ័ន ជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យសិល្បៈសូនរូប។

បើតាមលោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising បានឱ្យដឹងថា «បានជាយើងជ្រើសយកសម្លៀកបំពាក់សម័យចេនឡា ពីព្រោះសម័យចេនឡាយើងរុងរឿងតែម្ដង តែយើងរាងធ្លាក់បន្តិច រួចហើយបានចូលសម័យអង្គរ ហើយយើងចង់ប្រូម៉ូត (ផ្សព្វផ្សាយ) ប្រាសាទសំបូរព្រៃគុកផង ដែលស្ថិតក្នុងសម័យចេនឡាដូចគ្នា»។

ឈុតទេពីស្រ៊ីសួគ៌បវរឥសានបុរៈនេះ ត្រូវបានច្នៃបញ្ចូលគ្នានូវទម្រង់នៃទេវធីតា និងទម្រង់នៃការគ្រងព្រះភូសាមាលានៃខត្តិយកញ្ញា នាសម័យចេនឡា ដោយស្របតាមតឹកតាងដែលបានមកពីរូបចម្លាក់ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទសំបូរព្រៃគុក ក៏ដូចតឹកតាងនានាបានមកពីកំណាយផងដែរ។

មួយវិញទៀត ក្នុងដៃរបស់បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា ក៏មានកាន់ឈើកង្វេដំរី បញ្ជាក់ពីការបន្តវេនពីអាណាចក្រភ្នំ ដែលជាអាណាចក្រសម្បូរទៅដោយសត្វដំរី (គជសារភូមិ)។

សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧។ ចាប់តាំងពីពេលនោះមក រាជធានីឥសានបុរៈរបស់ខ្មែរសម័យចេនឡាមួយនេះ កាន់តែត្រូវបានពិភពលោកស្គាល់ជារឿយៗ ពិសេសរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រនេះ តែងទទួលបានភ្ញៀវជាច្រើនសែននាក់ ក្នុងមួយឆ្នាំៗ៕