(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ នេះបើតាមសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទើបតែទទួលបាន នៅថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «គណៈកម្មការអន្ដរក្រសួងនេះ ត្រូវបំពេញការងារតាមសេចក្ដីសម្រេចលេខ៦១ សសរចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការបង្កើតគណៈកម្មការ អន្ដរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នែការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន»

សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖