(កំពង់ធំ)៖ អធិការនគរបាលស្រុកសន្ទុក ខេត្តកំពង់ធំ លោក ពេជ្រ ថាល់ បានបន្តរងនូវការរិះគន់យ៉ាងខ្លាំង ក៏ដោយសារតែលោកអធិការបានអោបក្រសោប និងកាងកូនប្រុសរបស់ខ្លួន ករណីបង្កជម្លោះ ដេញវាយគ្នាយ៉ាងអណាធិបតេយ្យ រហូតវាយមន្រ្តីអាវុធហត្ថ និងក្រុមប្រជាការពារក្នុងភូមិ បណ្តាលឲ្យរងរបួសទៀតផង នៅពេលក្រុមសមត្ថកិច្ច និងប្រជាការពារទាំងនោះ បានចូលទៅជួយអន្តរាគមន៍ ក្រោយកើតហេតុភ្លាមៗ។

ករណីនេះបានកើតឡើង កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅភូមិស្រយ៉ូវ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺនៅក្នុងវត្តក្តីអណ្តែត ហៅវត្តក្តីក្នុង។

តាមសេចក្តីរាយការណ៍នានាពីមូលដ្ឋាន បានឲ្យដឹងថា នៅយប់ថ្ងៃនោះ មានក្មេងទំនើងមួយក្រុម បានប្រើអំពើហិង្សានៅក្នុងវត្តក្តីអណ្តែត។ ក្រោយកើតឡើងភ្លាមៗ កម្លាំងប្រជាការពារមានគ្នា១៨នាក់ បូករួមជាមួយមន្ត្រីកងរាជអាវុធហត្ថក្រុងស្ទឹងសែន៣នាក់ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ុ គង់ បានធ្វើកាបំបែកក្មេងទំនើង តែពួកគេបានវៃតបតទៅលើប្រជាកាពារយ៉ាងចាស់ដៃធ្វើឲ្យលោក ហូរ នីម ជាប្រធានប្រជាការពារត្រូវរបួសស្រាល។

ឃើញសភាពបែនេះ ទើបលោកអនុសេនីយ៍ឯក ខា សុគន្ធ បានស្ទុះទៅជួយទើបចាប់បានជនសង្ស័យម្នាក់ ឈ្មោះ ណាក់ ដែលគេស្គាល់ថា កូនបង្កើតរបស់លោក ពេជ្រ ថាល់ ជាអធិការនគបាល ស្រុកសន្ទុក រស់នៅភូមិម្នៀវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បម្រុងនឹងយកទៅបញ្ជាការដ្ឋានអាវុធហត្ថក្រុងស្ទឹងសែន តែត្រូវបានបក្ខពូករបស់ក្មេងទំនើង ម្នាក់នេះ បានមកវៃរំដោះយកឈ្មោះ ណាក់ ទៅទាំងដៃជាប់ខ្នោះគេចខ្លួនបាត់តែម្តង។

តាមសេចក្តីរាយការណ៍ដដែល ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ពេជ្រ ថាល់ រួមជាមួយកម្លាំងនគរបាល បូករួមទាំងរថយន្តសារ៉ែនផងដែរ បានធ្វើដំណើរមកដល់។ ភ្លាមៗនោះស្រាប់តែលេចមុខ ឈ្មោះ ចេង អេម បានស្រែកជេរម្រ៉ាយយ៉ាងខ្លាំងៗថា អាណាគេដាក់ខ្នោះប្អូនអញ រកមុខឲ្យឃើញសម្លាប់វាចោលទៅ ចំណែកលោក ពេជ្រ ថាល់ វិញក៏បានស្រែកខ្លាំងៗដែរថា អាណាហ៊ានដាក់ខ្នោះកូនអញធ្វើឲ្យប៉ះពាល់កត្តិយសអញ និងគ្រួសារបស់អញ។

នៅពេលនោះដែរលោក ខា សុគន្ធ ដែលជាកម្លាំងកងរាជអាវុធហត្ថ ក្រុងស្ទឹងសែន ត្រូវបានលោក ពេជ្រ ថាល់ និងកម្លាំងរបស់ខ្លួនបានប្រើហិង្សាលើផងដែរ។ សម្រាប់ក្រុមប្រជាការពារវិញ បានស្នើឲ្យថ្នាក់ដឹកនាំ ជាពិសេសអគ្គស្នងការនគរបាលជាតិ មានវិធានការយ៉ាងតឹងរឹងជាបំផុត និងបញ្ចប់មុខតំណែងអធិការនគរបាលស្រុករូបនេះ​ បើមិនដូច្នោះទេកូនប្រុសរបស់ខ្លួន នឹងបន្តធ្វើសកម្មភាព បង្កការអុកឡុកនៅក្នុងសង្គមទៀត ដោយសារមានឪពុកជាអធិការស្រុក។

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់ស្វែងរកការបកស្រាយ ពីលោកអធិការបាននោះទេ ជុំវិញករណីខាងលើនេះ៕