(ភ្នំពេញ)៖ ក្រុមមេធាវី​ចំនួន​១៣៥៥​រូប​ នឹង​ធ្វើការ​បោះឆ្នោត​ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ស្អែកនេះ ដើម្បី​ជ្រើសតាំង​ប្រធាន​គណៈមេធាវីថ្មី​១​រូប ​ក្នុង​អាណត្តិ​ទី​១២នេះ បន្ទាប់ពីប្រធានគណៈមេធាវីចាស់លោក សួន វិសាល ផុតអាណត្តិ។ បេក្ខភាពប្រធានគណៈមេធាវីសម្រាប់ការបោះឆ្នោតចុងក្រោយនេះ គឺលោកមេធាវី សួន វិសាល (ប្រធានគណៈមេធាវីចាស់) និងលោក សំ សុគង់ ដែលជាមេធាវីរបស់អតីតគណបក្សប្រឆាំង។

លោក សំ សុគង់ ជា​មេធាវី​ម្នាក់​មាន​ឈ្មោះ​ល្បី​ខាង​ការពារ​ក្ដី​ជូន​ដល់​សកម្មជន​អ្នក​នយោបាយ បានឲ្យថា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអាណត្តិ​២​ឆ្នាំ ហើយ​ប្រធាន​គណៈមេធាវី​អាច​កាន់​តំណែង​ បាន​តែ​២អាណត្តិប៉ុណ្ណោះ​។

ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១៨, លោក សំ សុគង់ អាយុ៤១ឆ្នាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាណត្តិនេះ មេធាវីដែលពេញសិទ្ធិបោះឆ្នោតមាន១៣៥៥នាក់ ដែលគាត់ត្រូវទៅបោះឆ្នោតនៅថ្ងៃស្អែក ថ្ងៃទី១៦។ អាណត្តិរបស់ប្រធានគណៈមេធាវី ក្នុង១អាណត្តិមាន២ឆ្នាំ ហើយអាណត្តិរបស់ក្រុមប្រឹក្សាគណៈមេធាវី ក្នុង១អាណត្តិមាន៣ឆ្នាំ»

លោក សំ សុគង់ ដែលបានធ្វើជាមេធាវីអស់រយៈពេល១៥ឆ្នាំហើយនោះ បានឲ្យដឹងបន្ថែមថា នៅក្នុងច្បាប់អ្នកដែលអាចឈរ ជាប្រធានគណៈមេធាវីបាន លុះត្រាតែគាត់ជាមេធាវីពេញសិទ្ធិ ចាប់ពី៣ឆ្នាំឡើងទៅ។​ មិនតែប៉ុណ្ណោះ មេធាវីដែលចង់ឈរជាបេក្ខភាព ជាប្រធានគណៈមេធាវីនោះទៀតសោត មិនត្រូវមានជាប់ទណ្ឌកម្មការដាក់ពិន័យអ្វីឡើយ។

ពេលភ្នាក់ងារសារព័ត៌មានយើងសួរថា ហេតុអ្វីបានជាលោក សំ សុគង់ ចង់ឈរឈ្មោះជាប្រធានគណៈមេធាវី លោកបានឆ្លើយថា មិនអាចឆ្លើយបាននោះទេ ដោយសារតែថ្ងៃនេះជាថ្ងៃ «ស» ដែលហាមមិនឲ្យឃោសនាអ្វីទាំងអស់។​

ដោយឡែក លោក សួន វិសាល កំពុង​ត្រៀម​បន្ត​ឈរ​ជា​បេក្ខជន​សាជាថ្មី​ទៀត​នឹង​ត្រូវ​ប្រជែង​ជាមួយ​លោក សំ សុគង់ មិនអាចសុំការបំភ្លឺបានឡើយ។ លោកប្រធានវ័យ៥៣ឆ្នាំ​ ដែលបាន​ធ្វើ​ជា​មេធាវី​អស់​រយៈពេល​១៩ឆ្នាំ​ហើយនោះ បាននិយាយដោយខ្លីថា ឲ្យសួរទៅខាងរដ្ឋបាលវិញ។

សូមជម្រាបថា គណៈមេធាវីនៃកម្ពុជា បានចំណូលថវិកាសំខាន់បានមកពីប្រភព៣យ៉ាង រួមមាន៖ ការបង់វិភាគទានរបស់សមាជិក ចំនួន១០ដុល្លារអាមេរិកក្នុង១ខែ, ជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយរបស់អង្គការផ្សេងៗ ក៏ដូចជាម្ចាស់ជំនួយផងដែរ។ ប៉ុន្តែ ជំនួយថវិកាទាំងអស់ ប្រើសម្រាប់តែដើម្បីការពារជនក្រីក្រ ដោយសារតែគណៈមេធាវី មាននាយកដ្ឋានការពារជនក្រីក្រ៕