(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិ ឬហៅថា Miss Grand International គេសង្កេតឃើញថា គិតត្រឹមរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ចំនួន Share លើរូបភាពរបស់បេក្ខនារីបវរកញ្ញាវៀតណាម កំពុងកើនឡើងដល់ជាង៤លានហើយ ខណៈចំនួន Share លើរូបភាពរបស់បេក្ខនារីបវរកញ្ញាកម្ពុជា មានត្រឹមជាង២លានប៉ុណ្ណោះ។

កាលពីព្រឹកមិញនេះ ចំនួន Share លើបេក្ខនារីបវរកញ្ញាកម្ពុជាបានឡើងផុតចំនួន Share របស់បេក្ខនារីបវរកញ្ញាវៀតណាម និងឥណ្ឌូនេស៊ីទៅទៀត ប៉ុន្តែស្រាប់តែដល់ពេលរសៀលនេះ ចំនួន Share លើបេក្ខនារីវៀតណាម បានវ៉ាដាច់ចំនួន Share របស់បេក្ខនារីកម្ពុជាទៅវិញ។ ចំណុចនេះ បានចោទជាមន្ទិល ចំពោះអ្នកប្រើប្រាស់បណ្ដាញសង្គមជាខ្លាំងហើយ ទើបបានជាពួកគេចូលទៅឆែកមើលកន្លែង Share និង Like ក្រោមរូបភាពរបស់បេក្ខនារីវៀតណាម។

រឿងដែលនឹកស្មានមិនដល់នោះ គេឃើញមានការប្រតិកម្ម និង Comment រិះគន់យ៉ាងពុះកញ្ជ្រោលនៅលើទំព័រ Facebook «Miss Grand International» ដោយអ្នកមួយចំនួនបាន Print Screen យកទៅ Comment ឯអ្នកខ្លះក៏បានសរសេរសាររិះគន់ជាហូរហែ។

ពួកអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានរិះគន់ទៅលើក្រុមអ្នកគាំទ្របេក្ខនារីបវរកញ្ញាវៀតណាម ដែលបានដាក់កម្មវិធី Auto Share និង Auto Like ក្នុងនោះគេឃើញមានគណនី Facebook ពួកគេនីមួយៗចុច Share ឡើងត្រួតគ្នាជាច្រើនសិបដង ដែលជាហេតុនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បង្ហាញសាររិះគន់ទៅលើអ្នកចុច Share ច្រើនដងនោះយ៉ាងខ្លាំង។

ទោះយ៉ាងណាអង្គភាពព័ត៌មាន Fresh News មិនទាន់ទទួលបានការបញ្ជាក់ពីអ្នកជំនាញណាមួយ ទៅលើការប្រើប្រាស់កម្មវិធី Auto Share និង Auto Like យ៉ាងណានោះទេ។

ប៉ុន្តែសម្រាប់កម្ពុជា គឺត្រូវតែរួមគ្នាចុច Share ជូនបេក្ខនារីបវរកញ្ញាខ្មែរយើងឱ្យបានច្រើនៗបន្ថែមទៀត។ ដូច្នេះសូមជនរួមជាតិខ្មែរទាំងអស់គ្នា ពិសេសអ្នកប្រើប្រាស់ Facebook សូមរួសរាន់ឡើងចូលរួម Like និង Share ឱ្យបានច្រើនៗបន្ថែមទៀត ដើម្បីគាំទ្រឱ្យតំណាងជាតិខ្មែរយើង មានឱកាសឡើងទៅវគ្គបន្ត ដែលជាស្មារតីចូលរួមលើកស្ទួយកិត្យានុភាព កិត្តិយសកេរ្តិ៍ឈ្មោះជាតិដែលធ្លាប់រុងរឿង ពីមុននោះ ឱ្យល្បីល្បាញលើឆាកអន្តរជាតិឡើងវិញ ព្រោះឱកាសចូលរួមគាំទ្រតំណាងជាតិកម្ពុជាយើងនាពេលនេះ នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិដ៏ធំ ឬហៅថា Miss Grand International បានតម្រូវឱ្យមានការវាយតម្លៃ និងដាក់ពិន្ទុជូនបេក្ខនារីបវរកញ្ញាទាំង២០នាក់ (២០ប្រទេស/តំបន់ស្វយ័តពិសេស) តាមរយៈការ Like និង Share ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះ Like ម្ដង គឺទទួលបាន ១ពិន្ទុ ហើយប្រសិនបើ Share ម្ដង គឺទទួលបានរហូតដល់ទៅ ៥ពិន្ទុ។

ការបោះឆ្នោតគាំទ្រតាមរយៈ Like និង Share ដូចបានកំណត់នេះ នឹងត្រូវបិទបញ្ចប់ត្រឹមវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះតែម្ដង។ ចំណែកឯការប្រកាសជ័យលាភី Miss Grand International នេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ មួយវិញទៀត គណៈកម្មការវាយតម្លៃ ក៏នឹងវាយតម្លៃជ្រើសរើសបេក្ខនារី ៥ប្រទេស (Top5) ក្នុងចំណោម១០ប្រទេស ដែលមានសម្លៀកបំពាក់ប្រពៃណីល្អដាច់គេផងដែរ។

ក្នុងនាមតំណាងប្រទេសកម្ពុជាទាំងមូល កញ្ញា ឌី លីកា ពិតជាត្រូវការការបោះឆ្នោតគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាចាំបាច់ណាស់ ដើម្បីមានឱកាសឈានទៅប្រកួតនៅវគ្គបន្ត។

ខាងក្រោមនេះ ជារបៀបបោះឆ្នោតជូនបក្ខនារីកម្ពុជា៖

ទី១៖ ចូលទៅកាន់លីង៖ https://www.facebook.com/MISSGRANDINTERNATIONAL/photos/a.1992263637463289/1992265774129742/?type=3&source=54 ដើម្បីទស្សនារូបភាពបង្ហាញម៉ូតរបស់បវរកញ្ញាកម្ពុជា និងបវរកញ្ញាដទៃទៀត។

ទី២៖ លោកអ្នកនឹងឃើញរូប Miss Grand កម្ពុជា គឺកញ្ញា ឌី លីកា ឈរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់សោភា។ នៅពីក្រោមរូបភាព មានពាក្យសរសេរថា Miss Grand Cambodia: Dy Lika។

ទី៣៖ បន្ទាប់មក លោកអ្នកគ្រាន់តែ Like និង Share ឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាការស្រេច៕