(ភ្នំពេញ)៖ លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករ ទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាមាន​ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តចំនួន៧, ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទអចល័តចំនួន៧, ផ្តល់សេវាអ៊ីនធឺណិតចល័តចំនួន៧ និងផ្តល់សេវាអ៊ីនធឺំណិតអចល័តចំនួន៣៧ ដែលសរុបអ្នកប្រើប្រាស់ទូរស័ព្ទជិត២០លានស៊ីមកាត និងអ្នកប្រើអ៊ីនធើណិត១២លាននាក់។

លោកថ្លែងបែបនេះ ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធី «ការធ្វើធុរកិច្ចក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា»។

លោក អ៊ឹម វុត្ថា បញ្ជាក់ថា «យោងតាមស្ថិតិនៃការប្រើប្រាស់សេវា ទូរគមនាគមន៍គ្រប់ប្រភេទគិតមកត្រឹមខែតុលា ឆ្នាំ២០១៨នេះ មានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន១៩,១៧៥,៥៣៦នាក់ ស្នើនឹង១១៨% បើធៀបជាមួយប្រជាជនសរុប កើនឡើងចំនួន៣.២៤% បើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ អចល័តមានចំនួន១០៣,៣៤០នាក់ ស្នើនឹង០.៨៤% បើធៀបជាមួយប្រជាជនសរុប ថយចុះ២២.២៤% បើធៀបនឹងចុងតួលេខចុងឆ្នាំ២០១៧»។

លោកបន្ដទៀតថា សម្រាប់អ្នកប្រើប្រាស់អ៊ីនធើណេតទាំងចល័ត និងអចល័តមានចំនួន១២,៤៧៩,៣៧៣នាក់ ស្នើនឹង៧៦.៨២% បើធៀបជាមួយប្រជាជនសរុប ក្នុងនោះមានអ៊ីនធើណេតចល័តចំនួន១២,៣៤៤,២២៦នាក់ ត្រូវនឹង៧៥.៩៨% បើធៀបជាមួយប្រជាជនសរុប និងអ៊ីនធើណេតអចល័តមានចំនួនតែ១៣៥,១៤៧នាក់ប៉ុណ្ណោះ ត្រូវនឹង០.៨៣%។ ជារួមមានការកើនឡើង១៧.១៨% បើធៀបនឹងតួលេខចុងឆ្នាំ២០១៧។

លោកបានឲ្យដឹងទៀតថា បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុនឃើញថា ចំនួនក្រុមហ៊ុនទូរស័ព្ទចល័តមានការថយចុះ ដោយខ្លះបានរួមគ្នាជាក្រុមហ៊ុនតែមួយជាដើម ប៉ុន្ដែក្រៅពីការការបូកបញ្ចូលគ្នារវាងក្រុមហ៊ុន Smart Latelz និង Hello Axiata ទៅជាក្រុមហ៊ុន Smart Axiata នៅចុងឆ្នាំ២០១២ ការដួលរំលំរបស់ក្រុមហ៊ុន Mfone នៅក្នុងឆ្នាំ២០១៣ ការផ្ទេររបស់ក្រុមហ៊ុន Beeline ទៅឱ្យក្រុមហ៊ុនមិត្តហ្វូន ក្នុងឆ្នាំ២០១៥ និងការផ្តូរនាមករណ៍ពីក្រុមហ៊ុន GT-TELL ទៅជា Seatel ក្នុងឆ្នាំ២០១៤ មិនមានក្រុមហ៊ុនធ្វើការបូកបញ្ចូលគ្នា ឬផ្ទេរទៀតទេ។

លោកបញ្ជាក់ទៀតថា ការបូកបញ្ចូលគ្នានេះមានសារសំខាន់ ដល់ក្រុមហ៊ុននោះក្នុងការបង្កើនទុន និងធនធានសម្រាប់ការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗបន្តទៀត និងបង្កើតថាមពលរបស់ខ្លួនក្នុងការប្រកួតប្រជែងគ្នា ក្នុងទីផ្សារនៃវិស័យនេះ៕