(ក្រចេះ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកសំបូរ ខេត្តក្រចេះ បានឃាត់ខ្លួនឪពុកចុងល្មោភកាមម្នាក់ ដែលបានរំលោភកូនស្រីដើម រហូតដល់៦ដង រួចបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ការបញ្ជូនខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ​នៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

កម្លាំងនគរបាលស្រុកសំបូរបានឱ្យដឹងថា ករណីឪពុកចុង រំលោភកូនដើម សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យក្រោយពីនគរបាល បានទទួលពាក្យបណ្ដឹងពីម្ដាយនារីរងគ្រោះ ហើយកម្លាំងនគរបាលចុះស្រាវជ្រាវ ដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនតែម្ដង។

នគរបាលដដែលបានបន្តថា ជនសង្ស័យឈ្មោះ ហុក ណារ៉េត ហៅតឿ អាយុ៣៣ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ចំណែកនារីរងគ្រោះ អាយុ១២ឆ្នាំ នៅផ្ទះជាមួយជនសង្ស័យ ហើយជនសង្ស័យបានចាប់នាងរំលោភពេលនាង នៅផ្ទះមើលប្អូនខណៈម្ដាយនាងទៅច្រូតស្រូវ។

នគរបាលបានបន្តទៀតថា តាមសំដីជនរងគ្រោះបញ្ជាក់ឱ្យដឹងថា ជនសង្ស័យបានចាប់រំលោភលើខ្លួននាងចំនួន៦ដង ហើយគំរាមសម្លាប់បើហ៊ាននិយាយប្រាប់គេ។ បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលស្រុកសំបូរ កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យប្រឆាំងការជួញដូរមនុស្សចាត់ការបន្ដ៕