(ភ្នំពេញ)៖ វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី៦ឆ្នាំមុន គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះការបាត់បង់នូវ ព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់ លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។

ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។ ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយការទាមទារឯករាជ្យពីបារាំងបានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោម​ការ​ដឹក​នាំ​របស់​​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ ​នរោត្ដម ​សីហនុ​ ជាព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រ​និយម​ ​កម្ពុជាត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ «គុជអាស៊ី» ​ដោយ​សារ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា។

លោក គីម ហ៊ាង ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News បានថ្លែងថា លោកពិតជាមានក្តីនឹករឭកជាខ្លាំង ដល់ព្រះបរមរតនកោដ្ឋ សម្តេចតា។ លោកបានបន្តថា បើទោះបីជាព្រះអង្គបានយាងចាកពីមាតុភូមិដ៏ថ្លៃថ្លា មួយនេះក្តី តែលោកនៅតែមានក្តីអាឡោះអាល័យ ដល់ទ្រង់ជាពន់ពេក ព្រោះទ្រង់ជាមហាវីរក្សត្រមួយដួង ដែលបានទាមទារឯករាជ្យ ពីប្រទេសបារាំងមកប្រទេសកម្ពុជាវិញ។

និស្សិតច្បាប់ឆ្នាំទី៤រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការនឹករឭកទៅដល់ព្រះអង្គខ្លាំងមែនទែន​ ព្រោះអីការបាត់បង់ព្រះអង្គ ជាការបាត់បង់វីរក្សត្រដ៏អង់អាចមួយអង្គ ដោយសារតាមប្រវត្តិសាស្ត្រ​ទ្រង់ជាក្សត្រមួយអង្គ ដែលទាមទារឯករាជ្យពីបារាំងនៅឆ្នាំ១៩៥២ ហើយបានពេញលេញនៅឆ្នាំ១៩៥៣។ ហើយព្រះរាជបូជនីយកិច្ចទីពីររបស់ព្រះអង្គ តាមខ្ញុំចាំគឺការទាមទារខេត្តមួយចំនួនពីប្រទេសថៃ»

លោក គីម ហ៊ាង បានថ្លែងបន្តទៀតថា ព្រះវត្តមានរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លើដែនដីសុវណ្ណភូមិនេះ ប្រជានុរាស្ត្រកម្ពុជា បានរស់នៅដោយភាពត្រជាក់ត្រជុំ និងដោយភាពសុខដុមរមនាជាអនេក។​ យុវជនរូបនេះ​ បានបន្តថា លោកស្រលាញ់ទ្រង់ខ្លាំងណាស់។ លោកសូមឧទ្ទិសបុណ្យកុសលដែលលោកបានធ្វើ ឲ្យបានថ្វាយដល់ទ្រង់ និងសូមឲ្យទ្រង់យាងទៅសោយសុខក្នុងស្ថានបរមសុខផងដែរ។

ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៌​ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលធ្លាប់បានដើរតាមដង្ហែរព្រះបរមរតនកោដ្ឋ និងលេងភ្លេងថ្វាយទ្រង់ ជាច្រើនលើកច្រើនសារនោះ បានរំឭកថា ព្រះអង្គតែងតែបានបង្រៀនលោក ឲ្យចេះដឹងច្រើនទាំងការរស់​នៅ និងការធ្វើទំនាក់ទំនងការទូតជាដើម។ លោកបានបន្តថា ដោយសារតែការស្រលាញ់របស់ទ្រង់ សូម្បីតែការចងខ្សែក្រវ៉ាត់ក ក៏ព្រះអង្គបានណែនាំដល់លោកបរិបូរណ៌ ដែលនាំឲ្យបង្កើតអនុស្សាវរីយ៍មិនអាចបំភ្លេចបាន សម្រាប់លោកផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា​ «ខ្ញុំទទួលការអប់រំច្រើន ទាំងការស្លៀកពាក់ តាំងពីចងក្រវ៉ាត់កឡើង។ លោកបង្រៀនប្រាប់ថា​ យើងជាអ្នកធ្វើការអញ្ចឹង បើយើងចងក្រវ៉ាត់ក ត្រូវពាក់អាវសជាមួយអាវធំ មើលទៅវាសមសួន។ មានអនុស្សាវរីយ៍ច្រើនណាស់ តាមពិតទាំងអស់នេះជារបៀបធ្វើការងារ បើយើងជាមន្ត្រីរាជការបែរស្លៀកពាក់ឡូយឆាយ វាដូចជាឆ្គងដែរ។ អញ្ចឹងខ្ញុំទទួលការអប់រំ ដូចជាកូនព្រះអង្គ ទាំងការស្លៀកពាក់ ទាំងការធ្វើបដិសណ្ឋារកិច្ច»

បើតាមរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រះអង្គមានទឹកព្រះទ័យទូលាយណាស់។ ព្រះអង្គតែទទួលអ្វី ដែលលោកទូលថ្វាយទ្រង់ជានិច្ច ហើយពេលលោកឬនរណាម្នាក់ទូលអ្វីថ្វាយទ្រង់ ព្រះអង្គតែងតែស្ដាប់តាំងពីដើមរហូតដល់ចប់។ មិនតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ការស្រលាញ់របស់ទ្រង់ចំពោះប្រជានុរាស្ត្រ​ ព្រះអង្គតែងតែឡាយអក្សរថាស្រលាញ់ជាទីបំផុត រាល់ព្រះរាជសាររបស់ទ្រង់ទៀតផង។

លោក ជា ច័ន្ទបរិបូរណ៌ ក៏បានរំឭកចំណុច ដែលលោកមិនអាចបំភ្លេចបានចំនួនពីរដែរថា «សម្រាប់ខ្ញុំនឹករឭកចំពោះព្រះអង្គ ចំពោះចំណុចធំៗ​ទីមួយគឺ ការដឹកនាំ និងបង្រួបបង្រួមជាតិរបស់ព្រះអង្គ ទៅលើប្រជានុរាស្ត្រកម្ពុជា។ ទីពីរ គឺមនោសញ្ចេតនាឯកជន រវាងព្រះអង្គ និងខ្ញុំ នៅក្នុងកិច្ចដែលធ្លាប់ដង្ហែរហាក់បីដូចជា ឪពុក និងកូន នៅក្នុងព្រះរាជកិច្ចវប្បធម៌។ ប៉ុន្តែពេលនោះ ខ្ញុំមិនត្រឹមតែបានចំណេះដឹងក្នុងកិច្ចវប្បធម៌ទេ ខ្ញុំបានចំណេះដឹងច្រើន បែបបដិសណ្ឋារកិច្ចទំនាក់ទំនងអន្តរជាតិ ដែលលោកធ្វើសវនការ ជាមួយបណ្តាអង្គទូតធំៗ ប្រមុខរដ្ឋធំៗ គឺយើងបានរៀនសូត្រពីលោក»។

លោករដ្ឋលេខាធិការ បានរំឭកព្រះបន្ទូលព្រះអង្គបន្តទៀតថា «ទីមួយកុំឲ្យគេឈឺចាប់ដោយសារយើង នេះជារឿងសំខាន់ណាស់ យើងធ្វើអ្វីក៏ដោយ យើងកុំឲ្យគេឈឺចាប់ដោយសារយើង។ យើងធ្វើប្រធានគេ យើងធ្វើមេក្រុមគេ​ យើងធ្វើអ្នកដឹកនាំគេ កុំឲ្យថ្នាក់ក្រោមឈឺចាប់ដោយសារយើង។ ជាព្រះរាជបន្ទួលមួយខ្លី ប៉ុន្តែជ្រៅណាស់។ ទីពីរទៀត ទ្រព្យសម្បត្តិមិនមែនសំខាន់ សម្រាប់លោកទេ ក្សត្រប្រទេសណា លោកមិនថាគេយ៉ាងម៉េចទេ ប៉ុន្តែលោកប្រាប់ថា​ សម្រាប់លោកអ្វីដែលសំខាន់ គឺប្រជានុរាស្ត្ររបស់ព្រះអង្គ»

ដោយឡែក លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងដែរថា មិនត្រឹមតែការធ្វើព្រះរាជបូជនីយកិច្ចទេ​ ដែលធ្វើឲ្យប្រជានុរាស្ត្រស្រលាញ់និងអាណិតទ្រង់ តែព្រះអង្គត្រូវបានប្រជារាស្ត្រទាំងមូល ចាត់ទុកព្រះអង្គថាគឺជាទេវតាដែលឃ្លាតចាកទេវលោក មកកើតជាមនុស្ស ដើម្បីសង្គ្រោះប្រទេសកម្ពុជាយើង។ លោកបានបន្ថែម មានរឿងអភូតហេតុចំនួនពីរ បានកើតឡើងចំពោះទ្រង់ គឺទីមួយអំឡុងពេលកាន់ទុក្ខ នៃការយាងសោយទិវង្គត ព្រះភក្ត្រទ្រង់ត្រូវបានមើលឃើញនៅស្ថានព្រះចន្ទ និងទីពីរមុនពេលទ្រង់ចាប់បដិសន្ធិ មានភ្លៀងធ្លាក់៧យប់៧ថ្ងៃជាប់ៗគ្នាផងដែរ។

លោក ប៊ូ ជុំសេរី បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងអភូតហេតុដែលធ្វើឲ្យប្រជាជន កាន់តែងប់ងល់ស្រលាញ់ព្រះអង្គ មានអភូតហេតុពីរយ៉ាង។ ទីមួយពេលព្រះអង្គសោយទិវង្គត យើងសង្កេតឃើញថា នៅក្នុងរូបព្រះចន្ទហ្នឹងមើលទៅឃើញព្រះភក្ត្រព្រះអង្គនៅហ្នឹង។ មានអភូតហេតុមួយទៀតដែលខ្ញុំចង់និយាយ គឺពេលព្រះអង្គប្រសូត្រ... មានភ្លៀង៧យប់៧ថ្ងៃ ហើយយប់ក្រោយបំផុតមកហ្នឹង មានភ្លើងឆេះកន្លែងណាក៏ភ្លឺដែរ។ តាមលក្ខណៈជំនឿសាសនា យើងឃើញថាជានិមិត្តរូបដូចទេពច្យុត មកពីស្ថានលើដើម្បីជួយរំដោះប្រទេសកម្ពុជាយើង។ គេកត់សម្គាល់ឃើញថា៩ខែ១០ថ្ងៃមក ប្រសូត្រព្រះករុណា ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទនរោត្តម សីហនុ។ អញ្ចឹងហើយបានជាខ្មែរយើង ចាត់ទុកថាព្រះអង្គ ជាអ្នកមានបុណ្យថា មិនមែនតែសកម្មភាពដែលលោកបានបំពេញរាជបូជនីយកិច្ចទេ ប៉ុន្តែជាអំណាចដែលអាទិទេពបានប្រទាន ឲ្យលោកមករំដោះទឹកដី ពេលមានជួបគ្រោះភយន្តរាយតែម្តង»

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ អតីត​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ។ ​ទ្រង់​យាងចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី១៥​ខែ​តុលា ឆ្នាំ​២០១២ វេលា​ម៉ោង ១និង២០នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ ក្នុង​ជន្មាយុ ៩០​ព្រះ​វស្សា។ ព្រះ​សព​របស់​អតីត​ព្រះ​មហា​ក្សត្រ ត្រូវ​បាន​ដឹក​តាម​ជើង​យន្ត​ហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង៣​រសៀល។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃនេះទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ។

នៅឆ្នាំ២០១៨នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ មន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប (ប្រាសាទតូចៗ) សួនច្បារខាងកើតវិមានឯករាជ្យ​ដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមបំផុត។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យនិងចាត់តាំងរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានគ្រប់គ្នាផងដែរ៕