(ភ្នំពេញ)៖​ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៦ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ ខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាច្រើនទៀតផងដែរ។

ព្រះករុណា ព្រះបាទសម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ​ និងបានយាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយជរាពាធ។

ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង​០២៖៣០​រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរ​ជាតិភ្នំពេញ មកព្រះបរមរាជវាំង កាត់តាមវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹក​សន្ធាប់។

ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់នៅព្រះបរមរាជវាំងប្រមាណតិច៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានប្រារព្ធ​ពិធីដង្ហែចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។

គួរកត់សម្គាល់ផងដែរ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កាលព្រះអង្គនៅមានព្រះជន្ន ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារំាង ហើយប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ» និងចាប់ពីឆ្នាំ១៩៥៣ ដល់១៩៧០មក ព្រះអង្គជាក្សត្រគ្រប់គ្រងដែលមានឥទ្ធិពល​របស់កម្ពុជា៕