(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ នាចុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នឹងបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនជាង២០០នាក់ បន្ថែមទៀតទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីផ្លាស់ជើងកងវិស្វកម្មចាស់ដែលកំពុងបំពេញបេសកកម្មសព្វថ្ងៃនេះ។ នេះបើតាមកញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ។

កញ្ញា កុសល ម៉ាលីនដា បានបន្តថា នៅចុងខែវិច្ឆិកាខាងមុខនេះ កម្ពុជានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ចំនួន២១៦នាក់បន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ក្រោយពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យដដែលបានបន្តទៀតថា «យើងបម្រុងកម្លាំងរួចរាល់អស់ហើយ ដើម្បីត្រៀមជំនួសកងកម្លាំងចាស់ ដែលពួកគេនឹងត្រូវបញ្ចប់បេសកកម្មការងារ នៅអាហ្វ្រិកកណ្តាល រយៈពេលមួយឆ្នាំ ហើយកម្លាំងដែលនឹងត្រៀមបញ្ជូនទៅនេះ ក៏បានហ្វឹកហាត់ជំនាញរបស់ពួកគេអស់ហើយដែរ»

សូមជម្រាបថា តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានចំនួន ៥,៥៧១នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ២៦៤នាក់ ផងដែរ។

ប្រទេសដែលកម្ពុជា បានបញ្ជូនកងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងម៉ាលី។ រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវនេះ បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ បើទោះបីជាកម្លាំងមួកខៀវកម្ពុជាបានពលីជីវិតជាច្រើននាក់ ក្នុងអំឡុងពេលពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយនោះ៕