(កំពង់ចាម)៖ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លោក មួន វាសនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកស្រី បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ធ្វើពិធរំលឹកខួបព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះបរមរតនកោដិ។

ជាមួយគ្នានេះ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ នាពេលនោះ ក្នុងគោលបំណងដើម្បីឲ្យបុគ្គលិក និស្សិតបានចង់ចាំ និងដឺងគុណដល់សម្តេចព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បាន​យាង​សោយ​ព្រះ​ទិវង្គត នៅ​វេលា​ម៉ោង​១​៖​២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។

ក្រោយការយាងសោយទិវង្គរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំនៅព្រឹកថ្ងៃទី១៥ ខែតុលា មន្រ្តីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នាព្រះមណ្ឌលតម្កលព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋទូទាំងប្រទេស បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ាផងដែរ៕