(កំពត)៖​ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះថា ចំពោះមន្ដ្រីនគរបាលក្រុងកំពតម្នាក់ ដែលបានដកកាំភ្លើងភ្ជង់ប្រជាពលរដ្ឋនៅតំបន់ទឹកឈូ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្ត សម្រេចដាក់ពិន័យនៅការិយាល័យបុគ្គលិក និងស្នើដកតួនាទី។

លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា សំណុំរឿងនេះប្រជាពលរដ្ឋ ដែលត្រូវបានមន្ដ្រីនគរបាលដកកាំភ្លើងភ្ជង់នោះ មិនបានមកដាក់ពាក្យបណ្ដឹងអ្វីនោះទេ ពោលក្រោយពេលកើតហេតុ ពួកគាត់បានធ្វើ​ដំណើរបន្ដទៅមុខទៀត។

​សូមជម្រាបថា មន្ដ្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរ។

​ក្រោយទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨​ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ។ បើតាមលោកស្នងការ បានបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះមានឈ្មោះ ម៉េង ដា បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត។

តាមការចែកចាយក្នុងបណ្ដាញសង្គម Facebook នោះ ហេតុការណ៍នេះកើតឡើងនៅចំណុច​ផ្លូវចូលទឹលឈូរ ខេត្តកំពត កាលពីនៅថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ៕