(កោះកុង)៖ ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធឆ្នេរស្អាត និងចក្ខុវិស័យលើវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក្នុងដំណើរកំសាន្ត នៅទិសនិរតី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត មន្រ្តីរាជការកងកម្លាំងប្រដាប់ទាំង៣ប្រភេទ សិស្សានុសិស្សក្រុម (១២) ស.ស.យ.ក និងអាជីវករ បាននាំគ្នាចូលរួមបោសសំអាតឆ្នេរកំសាន្តប៉ាក់ខ្លង នៅលើទឹកដីខេត្តកោះកុង។

លោក ហាក់ ឡេង បានថ្លែងថា ដើម្បីប្រឡងប្រណាំងឆ្នេរស្អាត ក្នុងលំដាប់ពិភពលោក យើងទាំងអស់គ្នាទាំងអាជីវករ ទាំងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាបរិស្ថានលើឆ្នេរដ៏ស្រស់ស្អាតនេះ ដើម្បីលើកកំពស់ផ្នែកវិស័យទេសចរណ៍ និងទាក់ទាញទេសចរជាតិ និងអន្តរជាតិ ចូលមកកំសាន្តឱ្យបានច្រើន និងមានផាសុខភាពទៀតផង។

លោកបានថ្លែងបន្តថា សូមឱ្យបងប្អូនទាំងអស់រូមគ្នា ចូលរួមធ្វើអនាម័យថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា ព្រោះការថែរក្សាអនាម័យបរិស្ថានវាមានសារៈសំខាន់ណាស់ ទាំងសុខភាពទាំងវិស័យទេសចរណ៍ បើឆ្នេរយើងមានសោភ័ណភាពល្អភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តច្រើន ប្រជាពលរដ្ឋក៏អាចកាត់បន្ថយនូវភាពក្រីក្របានមួយកំរិត។

លោកបញ្ជាក់ថា វិស័យទេសចរណ៍មានសារៈសំខាន់ណាស់ សម្រាប់ខេត្ត ប្រទេស និងប្រជាពលរដ្ឋ វាជាសក្តានុពលមួយដែលធ្វើឱ្យពិភពលោក ទទួលស្គាល់លើវិស័យទេចរណ៍ ហេតុដូច្នេះហើយ សូមបងប្អូនចូលរួមថែរក្សា និងធ្វើអនាម័យបរិស្ថានទាំងឆ្នេរលំនៅដ្ឋាន ផ្លូវសាធារណៈ ត្រូវវិចខ្ចប់ដាក់ទុកសំរាមឱ្យបានត្រឹមត្រូវ ដើម្បីទុកឱ្យក្រុមការងារ ដឹកយកទៅចោលនៅទីលានចាក់សំរាម ឬក៏បងប្អូនដុតកម្ទេចចោល (ចូលរួមថែរក្សាបរិស្ថាន ដើម្បីយើងទាំងអស់គ្នា)៕