(ភ្នំពេញ)៖​ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ដួលក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាស និងពានធំផ្នែកនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L'Equipe លើកទី២ នៅប្រទេសបារាំង នារាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នេះ ។

នេះគឺជាមេដាយមាស និងពានទី៣ ដែលក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កម្រិតពិភពលោកខាងលើ ក្រោយយកឈ្នះក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ លើវិញ្ញាសានារី ៣នាក់ទល់នឹង ៣នាក់ ។ និយាយជារួម សម្រាប់វិញ្ញាសាផ្នែកនារីទាំង ៣ រួមមានវិញ្ញាសាឯកត្តជន, វាយគូ ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ គឺក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ គ្រប់វិញ្ញាសាទាំងអស់ ។

ដោយឡែកក្រុមកីឡាករប៉េតង់កម្ពុជា ក៏ដណ្ដើមបានមេដាយប្រាក់ចំនួន ២គ្រឿងផងដែរ លើវិញ្ញាសាឯកត្តជន ដោយកីឡាករ សុខ ចាន់មាន និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ ដែលទើបប្រកួតចប់ដំណាលគ្នានឹងក្រុមកីឡាការិនី ក្រោយប្រកួតចាញ់ក្រុមកីឡាករម៉ាដាហ្គាស្គា ដោយពិន្ទុ ១៣-៣ ។ សរុបមកកម្ពុជា ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ២ ពីព្រឹត្តិការណ៍ Trophee L'Equipe ដែលជាកម្មវិធីប្រកួតកម្រិតពិភពលោក ព្រោះព្រឹត្តិការណ៍នេះ អញ្ជើញតែប្រទេសធ្លាប់ដណ្ដើមបានមេដាយមាសពិភពលោកចូលរួមប៉ុណ្ណោះ ។

កីឡាការិនី អ៊ុំ ចាន់ធា ដែលចូលរួមផ្ទាល់ជាមួយបេសកកម្មនេះ បានប្រាប់ឲ្យដឹងពីប្រទេសបារាំងដែរថា ជាមួយនឹងការប្រកួតនេះ ក្នុងនាមម្ចាស់ផ្ទះ បារាំងក៏បានរៀបចំនូវប្រាក់រង្វាន់ សម្រាប់លើកទឹកចិត្តក្រុមកីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភីផងដែរ ពិសេសគឺវិញ្ញាសាក្រុម ដែលដណ្ដើមបានមេដាយមាស តួយ៉ាងដូចជាក្រុមកីឡាការិនីកម្ពុជា ក្រោយឈ្នះពានលេខ១ លើវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ នឹងទទួលបានប្រាក់រង្វាន់ខ្ទង់ម៉ឺនដុល្លារឯណោះ ព្រោះនេះគឺជាពានធំប្រចាំព្រឹត្តិការណ៍ ដូចទៅនឹងពានក្រុមបុរស ៣នាក់ទល់នឹង ៣នាក់ដែរ៕