(សៀមរាប)៖ ប្រជាពលរដ្ឋនៅស្រុកជីក្រែងប្រមាណ ១ពាន់នាក់ បានទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយមានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យកុមារអង្គរ។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងបរិវេណវត្តល្បើក ស្ថិតនៅភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា នៅតាមបណ្ដាឃុំទាំងអស់ក្នុងស្រុកជីក្រែង មានមណ្ឌលសុខភាពផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាល្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាពេលនេះ គឺបានផ្តល់នូវសេវាសុខាភិបាលមួយចំនួន ដែលនៅមណ្ឌលសុខភាពមិនទាន់មាន។

ក្រុមគ្រូពេទ្យបានអបរំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពសុខភាពប្រចាំ និងត្រូវប្រុងប្រយ័ត្នចំពោះ ការហូបចំណីអាហារ ដោយផ្តោតសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។

តាមរយៈការចុះជួយពិនិត្យជំងឺទូរទៅជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់កន្លងមកនេះ ឃើញថាជំងឺភាគច្រើនដែលត្រូវពិនិត្យឃើញថា សម្រាប់កុមារមានជំងឺផ្លូវដង្ហើម សម្រាប់មុនស្សធំ មានប្រភេទជំងឺលើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ជាដើម។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងដែរថា សកម្មភាពដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅគ្រប់ទីកន្លែងទូទាំងខេត្តសៀមរាប គឺជាការជួយលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយការចំណាយទៅលើការសេវាព្យាបាល។

សម្រាប់ការចុះមកពិនិត្យជំងឺនៅមូលដ្ឋានដោយផ្ទាល់នេះ បើសិនជារកឃើញមានករណីជំងឺធ្ងន់ធ្ងរ ឬជំងឺរំារ៉ៃ នោះក្រុមគ្រូពេទ្យនិងបញ្ជូនអ្នកជំងឺ ឱ្យទៅបន្តការព្យាបាលនៅមន្ទីរពេទ្យបង្អែកបន្តទៀត ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺជំនាញៗ និងបរិក្ខាពេទ្យទំនើបៗ ដែលបំពាក់នៅលើរថយន្តចំនួន ២គ្រឿង។

ក្រៅពីការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនេះ ក្រុមហ៊ុន Metfone ក៏បាននំាយកសម្ភារសិក្សាមួយចំនួន មកចែកជូនដល់សិស្សានុសិស្សនៅតំបន់នេះផងដែរ៕