(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ​បានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាក ដឹកនាំដោយ លោក Peter Kazimir ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ​ស្លូវ៉ាក ក្នុងដំណើរមកបំពេញទស្សនកិច្ច នៅខេត្តសៀមរាប។​

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋស្លូវ៉ាក ដែលដឹកនាំដោយ លោក ភីធើ កាស្ស៊ីមៀ (Peter Kazimir) ​នៅលើទឹកដី​កម្ពុជា ជាសក្ខីភាពយ៉ាងមុតមាំដែលឆ្លុះបញ្ចាំង ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ​បត្តិការ យ៉ាងស្អិតរមួត និងល្អផូរផង់ រវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ (កម្ពុជា-ស្លូវ៉ាក) ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។​

ឆ្លៀតឱកាស នៃដំណើរទស្សនកិច្ចនេះដែរ លោក ឃឹម ប៊ុនសុង បានស្នើ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ា ​ជួយជំរុញនូវការវិនិយោគបន្ថែមនៅ​កម្ពុជា ពិសេសក្នុង​ខេត្តសៀមរាប​ផងដែរ លើវិស័យមួយចំនួន រួមមាន វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលជាវិស័យសក្តានុពលរបស់កម្ពុជា។​

បើតាមអភិបាលខេត្តសៀមរាប ​កម្ពុជា និងសាធារណរដ្ឋស្លូវ៉ាក បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នា​កាលពីឆ្នាំ១៩៩៧ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ហើយតាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រនៃ​កម្ពុជា យាងទៅបំពេញព្រះរាជ កិច្ចនៅសាធារណរដ្ឋស្លូវ៉ាក កាលពីកំឡុងឆ្នាំ២០០៦ និងតាមរយៈ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អ៊ីវ៉ាន ហ្កាស្ប៉ារ៉ូវ៉ិច (Ivan Gasparovic) ប្រធានាធិបតី នៃសាធារណរដ្ឋស្លូវ៉ាក និងប្រតិភូជាន់ខ្ពស់មកកាន់​កម្ពុជា កាលពីខែកញ្ញា ឆ្នាំ​២០១០កន្លងទៅនេះ ប្រទេសទាំងពីរ បានធ្វើកិច្ចការជាច្រើន ក្នុងន័យបង្កើននូវចំណងមិត្ត​ភាព សាមគ្គីភាពទ្វេភាគី ជាពិសេស គឺការពង្រីកនូវសហប្រតិបត្តិការរវាងប្រទេសទាំងពី​រ កាន់តែរឹងមាំជាបន្តបន្ទាប់ បើទោះបីជាប្រទេសទាំង​ពីរនៅពុំទាន់មានស្ថានទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយ។

ដើម្បីអបអរសាទរដល់ដំណើរទស្សនកិច្ចផ្លូវការ របស់លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក និង​ប្រតិភូអមដំណើរនៅលើទឹកដីខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានក្តីមោទនភាព និងមានកិត្តិយសដោយ បានរៀបចំពិធីលៀងសាយសាយភោជន៍ ជូន​​ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និងអំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅលើទឹកដីដ៏ពិសិដ្ឋនេះ៕