(ភ្នំពេញ)៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ដែលបានបាញ់ប្រជាការពារឱ្យរបួសបាក់ជើង នៅទួលសង្កែនោះ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ដើម្បីផ្តន្ទាទោសតាមច្បាប់។

បើយោងតាមរបាយការណ៍សមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ ឡាយ អ៉ឹងឃីង អាយុ២៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះ លី រតនៈ អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សូមជម្រាបថា កាលពីវេលាម៉ោង ១២៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ មានករណីបាញ់ប្រហារជាច្រើនគ្រាប់ នៅត្រង់ចំណុច មុខផ្ទះល្វែង A4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យជនរងគ្រោះខាងលើ ត្រូវរបួសជើងខាងស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រនានាក្នុងមូលដ្ឋាន។ នៅពេលសមត្ថកិច្ច ល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងស្ទាវ ២ក្រុម កំពុងវាយតប់គ្នា។ ដោយឃើញសមត្ថកិច្ចទៅជួយអន្តរាគមន៍ ក្រុមក្មេងក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗ កម្លាំងក៏បានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង (គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងឆែកឆេរ និងសួរនាំស្រាប់តែបុរសម្នាក់ (ជនសង្ស័យខាងលើ) ស្លៀកពាក់ស៊ីវិល និងមានសភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ ចេញពីក្នុងផ្ទះបាញ់ចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍។

បន្តិចក្រោយមក ជនសង្ស័យបានបន្តបាញ់រះជាច្រើនគ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង និងបណ្ដាលឲ្យប្រជាការពារម្នាក់ (ជនរងគ្រោះខាងលើ) ត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំជើងរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ៕