(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលកម្ពុជា (ស៊ីកុក) បានចេញសេចក្ដីថ្លែងការណ៍គាំទ្រពេញទំហឹងចំពោះជំហរម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសម្របសម្រួលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលានេះ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីតែជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យ។

គណៈកម្មាធិការសម្របសម្រួលកម្ពុជាដដែល ក៏បានបញ្ជាក់ផងដែរថា តាមរយៈប្រសាសន៍ និងជំហរដ៏ម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន បានស្តែងចេញនូវវីរភាពដ៏អង់អាចក្លាហាន ដែលមានចរិត និងស្មារតីជាគោលការណ៍រឹងមាំមិនអាចគណនាបាន ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ហើយក៏ជាជំហរដែលបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍គាំទ្ររួមរបស់គណៈកម្មាធិការសម្របសម្រួលកម្ពុជា៖​