(កំពង់ចាម)៖ ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏កំពុងមានភាពលេចធ្លោរ និងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិផងដែរ។ ជាក់ស្ដែងផលិតទេសចរណ៍ដ៏ធំមួយទៀត បានចាប់បដិសន្ធិឡើងក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម នោះគឺរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ ដែលតំបន់ត្រូវបានគេស្គាល់ថា ជាទីដ៏ស្ងាត់ជ្រងំមួយដាច់ស្រយាលពីគេ ក្រោយត្រូវញាំញីដោយសារសង្គ្រាម។

រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ (Hanchey Bamboo Resort) នេះ ទើបតែត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។

បើតាមអ្នកគ្រប់គ្រងទូទៅនៃរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ លោក ឆន គឹមពិជេដ្ឋ បានឱ្យដឹងថា រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យនេះ បានចាប់ផ្តើមសាងសង់ឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចំណែករចនាបថនៅក្នុងរមណីយដ្ឋានវិញ គឺធ្វើឡើងតាមក្បូនស្ថាបត្យកម្មរបស់ខ្មែរ និងមានការកែច្នៃផលិតផលក្នុងស្រុកបន្ថែម ពិសេសគឺបានគិតគូរយ៉ាងសំខាន់ទៅលើបញ្ហាបរិស្ថាន និងរក្សាឱ្យបាននូវអត្តសញ្ញាណជាតិខ្មែរ។ ចំពោះសំណង់ គឺត្រូវបានធ្វើឡើងប្រកបដោយស្តង់ដានិរន្តរភាព និងការនាំមកនូវបច្ចេកទេសសាងសង់ថ្មីមកកាន់កម្ពុជា។

លោក ឆន គឹមពិជេដ្ឋ បានបន្តថា «ឫស្សី និងឥដ្ឋ» ជាសម្ភារសំណង់សំខាន់បំផុត ដោយឫស្សីត្រូវបានយកមកពីក្នុងតំបន់ ដោយមានការការពារពីសត្វល្អិតបំផ្លាញ ដែលប្រើសារធាតុចំនួនមិនបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាននោះទេ ហើយឥដ្ឋត្រូវបានធ្វើដោយដៃ ចំណែកជញ្ជាំងធ្វើឡើងដោយដីលាយជាមួយអង្កាម។ រីឯអ្នកសាងសង់ គឺជាប្រជាពលរដ្ឋដែលរស់នៅតំបន់នេះតែម្តង។

ក្នុងពិធីបើកសម្ពោធរមណីយដ្ឋានថ្មីនេះ លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងថា ការបង្កើតឱ្យមានរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យនាពេលនេះ អាចបង្ហាញឱ្យឃើញពីការរីកចម្រើនលើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ហើយជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះផងដែរ ពិសេសគឺអាចស្រូបយកពលកម្មពីយុវជនឱ្យមកបម្រើការងារនៅតំបន់នេះ និងដើម្បីផ្តល់ឱកាសសិក្សាទៅតាមកម្មវិធីបណ្តុះបណ្តាល របស់ថ្នាក់ដឹកនាំក្នុងរមណីយដ្ឋាននេះ ហើយក៏ជាផលប្រយោជន៍មួយសម្រាប់សង្គមជាតិមួយផ្នែកទៀតផង។

លោកជឿជាក់ថា រមណីយដ្ឋាននេះក៏អាចស្រូបយកកសិផលនានា សម្រាប់បម្រើសេវាកម្មជូនភ្ញៀវទេសចរទាំងឡាយដែលមកកម្សាន្តនៅទីនេះ ដូចជាសម្រាប់បរិភោគ វត្ថុអនុស្សាវរីយ៍ របស់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់កម្សាន្តជាដើម ដែលប្រការនេះអាចធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ បានធូរធាជាងមុន ស្របតាមដំណើរការអភិវឌ្ឍនៅតំបន់នេះ។

បើតាមលោកអភិបាលខេត្ត តំបន់នេះ កាលពី២០ ឬ៣០ឆ្នាំមុន ប្រជាពលរដ្ឋកំពុងរងគ្រោះក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយក៏មិនដែលគិតថាតំបន់នេះនឹងក្លាយទៅជារមណីយដ្ឋាននោះទេ ប៉ុន្តែថ្ងៃនេះដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យតំបន់ធ្លាប់តែស្ងាត់ជ្រងំឆ្ងាយពីទីប្រជុំជន ប្រែក្លាយទៅជាទីកន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តទៅវិញ ដូច្នេះការអភិឌ្ឍ គឺមិនអាចកាត់ផ្តាច់ចេញពីនយោបាយប្រទេសជាតិមានសុខសន្តិភាពនោះឡើយ៕