(ឥណ្ឌូណេស៊ី)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមជាមួយរដ្ឋមន្រ្ដីហិរញ្ញវត្ថុអាស៊ាន និងអគ្គនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ IMF បានជួបប្រជុំគ្នា​ និងលើកយកអំពីបញ្ហាសង្គ្រាមសេដ្ឋកិច្ចមកពិភាក្សា និងរកដំណោះស្រាយ។

ការលើកយកបញ្ហាសង្គ្រាមសេដ្ឋកិច្ចមកពិភាក្សានេះ ធ្វើឡើងក្នុងមហាសន្និបាតប្រឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨។

មហាសន្និបាតប្រចាំឆ្នាំ២០១៨នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី, និងវត្តមានថ្នាក់នាំប្រទេសអាស៊ានមួយចំនួន ក្នុងនោះរួមមានថ្នាក់ដឹកនាំរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងនាយករដ្ឋមន្រ្តីឡាវ វៀតណាម និងភូមាផងដែរ។

មហាសន្និបាតនេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ជាវេទិកាពិភពលោកមួយសម្រាប់ថ្នាក់ដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុរួមមាន៖ ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសជាសមាជិករបស់ IMF និង WB បានជួបជុំគ្នាពិភាក្សាលើវឌ្ឍនភាព, បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយ សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ចព្រមទាំងផ្តល់នូវព័ត៌មានពី កម្មវិធីគោលនយោបាយថ្មីៗរបស់ IMF និង WB។

នាឱកាសមហាសន្និបាតនោះ លោកអគ្គទេសាភិបាល បានចូលរួមក្នុងកិច្ចពិភាក្សារវាងទេសាភិបាល ធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងនាយិកាគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តជាតិ។ កិច្ចពិភាក្សានេះបានផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញវត្ថុអាស៊ាន និងតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្លាស់ប្តូរយោបល់ពីស្ថានភាព និងបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចអាស៊ាន ឥទ្ធិពលនៃហានិភ័យសេដ្ឋកិច្ចពិភពលោកមកលើតំបន់ និងវឌ្ឍនភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។

គណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរបស់ការិយាល័យអាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានប្រទេសជាសមាជិកចំនួន១២ប្រទេស។ កិច្ចប្រជុំនេះបានលើកយកពី បញ្ហាប្រឈមចំពោះតំបន់ ជាពិសេសសង្គ្រាមពាណិជ្ជកម្ម និងភាពរឹតត្បិតនៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយសារតែប្រក្រតីកម្មគោលនយោបាយ របស់ធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក។

កិច្ចប្រជុំនោះបានលើកឡើងពីបញ្ហាសង្គ្រាមពាណិជ្ជកម្មថា អាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសក្នុងតំបន់ដោយសារតែ ការបង្វែរផលិតកម្មពីប្រទេសចិនមកក្នុងប្រទេសទាំងនេះ នឹងជំរុញដល់ការនាំចេញ។ ទោះយ៉ាងណា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ត្រូវខិតខំប្រឹងប្រែងប្រកួតប្រជែង នឹងតំបន់ដទៃទៀតដូចជា៖ អឺរ៉ុប, ជប៉ុន, កូរ៉េ, និងម៉ិកស៊ិកជាដើម។

ក្រៅពីនេះសម្រាប់ភាពរឹតត្បិត នៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ នឹងអាចនាំឱ្យរូបិយវត្ថុតំបន់ធ្លាក់ថ្លៃ និងដាក់សម្ពាធ លើអត្រាការប្រាក់កម្ចី លើទីផ្សារហិរញ្ញវត្ថុតំបន់ ដែលអាចផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់ផងដែរ។

ក្នុងនោះអង្គប្រជុំបានលើកយកនូគោលនយោបាយចម្បង៣សម្រាប់តំបន់ ដើម្បីរក្សានិរន្តរភាពនៃកំណើនរួមមាន៖
១៖ ការកសាងទ្រនាប់ និងការគាំទ្រកំណើនសក្តានុពល។
២៖ ពង្រឹងភាពធន់វិស័យហិរញ្ញវត្ថុ។
៣៖ ការលើកកម្ពស់ និងជំរុញប្រព័ន្ធពហុនីយកម្មលើពាណិជ្ជកម្ម ការដោះស្រាយអតុល្យភាពខាងក្រៅ និងការផ្លាស់ប្តូរអាកាសធាតុនិងពន្ធ។

ក្នុងនោះលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សា ថ្នាក់នយោបាយលើកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីនវានុវត្តន៍ បរិយាប័ន្ន និងស្ថិរភាពនៅអាស៊ីថែមទៀតផង។

ក្រៅពីនេះគណៈប្រតិភូ ធនាគារជាតិនៃកម្ពុជា បានជួបជាមួយតំណាងនាយកដ្ឋានមូលធន និងរូបិយវត្ថុនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាលើតម្រូវការជំនួយបច្ចេកទេស សម្រាប់ធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។ គណៈប្រតិភូក៏បានចូលរួម ក្នុងកិច្ចប្រជុំនានាផងដែរ ជាពិសេសលើប្រធានបទ សង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រក្រតីកម្មគោលនយោបាយរូបិយវត្ថុ បរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុរបស់ស្ត្រីជាដើម៕