(កោះកុង)៖ បុរសម្នាក់ដែលរងការរិះគន់ពេញ Facebook រឿងបោះសំរាមចោល ពីលើស្ពានដែក ចូលក្នុងព្រែកកោះយ៉ ខេត្តកោះកុង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺមានឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាម នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ នេះបើតាម Page របស់ក្រសួងបរិស្ថាន បានចុះផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ។

បុរសរូបនេះបានសារភាព និងទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្តក្រោយពីបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ា នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថាន ខេត្តកោះកុង និងអាជ្ញាធរស្រុក។

បុរសរូបនេះបានបញ្ជាក់ថា កាលដែលខ្លួនបោះសំរាមចោលខ្លះ ដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះត្រូវបោះសំរាមចោលខ្លះ។ សាយ សារុត បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តកំហុស និងថ្លែងទទួលស្គាល់កំហុសនេះ និងសន្យាថា មិនធ្វើដូច្នេះទៀតឡើយ៕