(ចិន)៖ សព្វថ្ងៃនេះ ប្រទេសចិន គឺជាប្រទេសផលិតសាច់ច្រើនជាងគេបំផុតក្នុងពិភពលោក និងជាប្រទេសនាំចូលសាច់គោច្រើនជាងគេបំផុតលំដាប់ទី២។ កត្តានេះ ផ្តល់ឱកាសដ៏ធំ សម្រាប់ឱ្យគេនាំចូលសាច់គោ ដែលមានគុណភាពខ្ពស់មកកាន់ប្រទេសចិន។

នៅពេលគេនិយាយដល់សាច់គោ គេតែងនឹកដល់អាហារអឺរ៉ុប។ ហើយនៅក្នុងប្រទេសចិន សាច់គោកំពុងមានគេពិសារកាន់តែច្រើននាក់ ជាពិសេសគឺសាច់គោដែលនាំចូលពីបរទេសតែម្តង។ សាច់គោដែលនាំចូលមកពីគ្រប់ទិសទីទូទាំងពិភពលោក កំពុងផ្តល់ឱកាសកាន់តែច្រើន ឱ្យប្រជាជននៅប្រទេសចិន អាចភ្លក់រសជាតិសាច់គោដែលមានគុណភាពខ្ពស់ បានកាន់តែច្រើនប្រភេទ។

អ្នកនាង ទីង ឈានយូ អតិថិជនភោជនីយដ្ឋានម្នាក់និយាយថា «ខ្ញុំឧស្សាហ៍ញុំាសាច់គោអូស្ត្រាលីនិងអាមេរិកច្រើនជាង។ សាច់គោអាមេរិក រាងផ្អែមជាងគេបន្តិច ហើយវាមានក្លិនខុសគ្នាស្រឡាះ ពីសាច់គោអូស្ត្រាលី។ រសជាតិរបស់វា ក៏ខុសពីគេច្រើនដែរ»

ឪពុកម្តាយខ្លះនៅប្រទេសចិនយល់ថា ការញុំាសាច់គោដែលមានគុណភាពខ្ពស់ ផ្តល់ជីវជាតិចិញ្ចឹមបានល្អជាង សម្រាប់កូនៗ។

អ្នកនាង វឹន វឹន អតិថិជនភោជនីយដ្ឋានមា្នក់ដែរនោះនិយាយថា «បើប្រៀបជាមួយសាច់ជ្រូក សាច់គោមានជាតិខ្លាញ់តិចជាង និងមានជីវជាតិចិញ្ចឹមច្រើនជាង។ ខ្ញុំជឿថា សាច់គោជួយដល់សុខភាពមនុស្ស»

ពលរដ្ឋចិនឱ្យតម្លៃខ្ពស់ ទៅលើសាច់គោដែលមានគុណភាពខ្ពស់មែន ប៉ុន្តែបើនិយាយអំពីចំនួនសាច់គោដែលប្រជាជនម្នាក់នៅប្រទេសចិន ញុំានៅក្នុងមួយឆ្នាំវិញ គឺទាបជាងឆ្ងាយណាស់ បើធៀបនឹងចំនួនជាមធ្យមនៅក្នុងពិភពលោក។ ប៉ុន្តែចំនួនសាច់គោដែលផលិតបាន នៅក្នុងប្រទេសចិន កំពុងជួបបញ្ហាផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការទីផ្សារ។

អ្នកនាង ជូ សៀវជន អ្នកគ្រប់គ្រង ភោជនីយដ្ឋាន PC Wok Steakhouse និយាយថា «រាល់ថ្ងៃនេះ ភ្ញៀវរបស់យើងកាន់តែយល់ដឹងច្រើនទៅៗ អំពីសាច់គោ។ ហាងនេះ គឺជាសាខាទីមួយរបស់យើងនៅក្រុងសៀងហៃយើងនេះ។ យើងគ្រោងថានឹងបើកសាខាបន្ថែមទៀត ដោយបន្តប្រើសាច់គោដែលមានគុណភាពខ្ពស់ដដែល។ យើងនឹងបន្តនាំចូលសាច់គោគុណភាពខ្ពស់ពីបរទេស សម្រាប់ផ្តល់ជូនអតិថិជនរបស់យើងដដែល»។

បើយោងតាមអគ្គនាយកដ្ឋានគយចិន ទីផ្សារសាច់គោក្នុងប្រទេសចិន មានតម្លៃប្រហែល៣៣០០លានដុល្លារអាមេរិក។ របាយការណ៍ថ្មីមួយរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ បង្ហាញថាសាច់គោដែលនាំចូលមកក្នុងប្រទេសចិន មានចំនួនសរុបជិត ៧សែនតោន កាលពីឆ្នាំ២០១៧។ គេរំពឹងថាចំនួននេះ នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ក្នុងកម្រិត៧.៦ភាគរយជាមធ្យម ក្នុងអំឡុងពេល១០ឆ្នាំទៅមុខទៀត។

សាច់គោដែលនាំចូលភាគច្រើន គឺនាំចូលមកពីអូស្ត្រាលី ប្រេស៊ីល អ៊ុយរ៉ាហ្កាយ អាហ្សង់ទីន និងញូហ្សេលែន។ ចាប់តាំងពីឆ្នាំ២០១៤មក ប្រទេសចិនបានបន្តនាំចូលសាច់គោពីប្រទេសកាន់តែច្រើន ហើយសព្វថ្ងៃក៏មាននាំចូលពីប្រទេសជាច្រើនដែលជាសមាជិកសហភាពអឺរ៉ុបផងដែរ។

លោក ស៊ូ វ័យ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Shanghai New Source International Trading Co., Ltd និយាយថា «ក្រោយពីនាយកដ្ឋានបច្ចេកទេស បានគិតគូរយ៉ាងហ្មត់ចត់ យើងសម្រេចថា នឹងនាំចូលសាច់គោពីប្រទេសកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ»៕ (សារព័ត៌មាន CCTV របស់ចិន)