(ចិន)៖​ ការកើនឡើងនូវតម្រូវការស្រា បានធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារស្រាដ៏ធំបំផុត របស់ពិភពលោក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ តម្រូវការប្រើប្រាស់ក៏បាននាំឱ្យប្រជាជនកាន់តែច្រើននៅប្រទេសចិន ចង់ស្វែងយល់បន្ថែមទៀតអំពីទំពាំងបាយជូ រសជាតិ និងរបៀបផលិតស្រា ជាច្រើនប្រភេទ។

ជាយុវជនដែលមានជីវភាពមធ្យម អ្នកនាង យឺ ធីង តែងមកចូលរួមថា្នក់រៀនអំពីស្រា មួយសប្តាហ៍ម្តង នៅកណ្តាលទីក្រុងគ័ងចូវ ដើម្បីសិក្សាអំពីចំនុចសំខាន់ៗ ដែលគាត់គួរដឹង អំពីរបៀបផលិតស្រា។

អ្នកនាង យឺ ធីង សិស្សក្នុងថ្នាក់រៀនស្រានិយាយថា «ខ្ញុំគ្រាន់តែដឹងបន្តិចបន្តួចថាស្រា គឺវាល្អសម្រាប់សុខភាព ដោយវាសម្រួលសរសៃឈាម ហើយជួយឱ្យស្បែកស្ត្រីស្រស់ស្អាត ប៉ុន្តែខ្ញុំចង់រៀនពីរបៀបបិទស្រា និងចេះសម្គាល់ថាស្រាមួយណាល្អ ស្រាមួយណាមិនល្អ»

ដារីយ៉ូ ស៊ីលវ៉ា គឺជាគ្រូបង្រៀនអំពីស្រា។ គាត់ចាប់ផ្តើមបើកក្រុមហ៊ុននេះកាលពី៤ឆ្នាំមុន ដើម្បីលក់ស្រាដែលនាំចូលពីប្រទេសព័រទុយហ្គាល់។ គាត់យល់ថា ការបង្រៀនមនុស្សអំពីស្រា អាចជួយឱ្យអតិថិជនចិនមានចំណេះដឹងកាន់តែច្រើនអំពីស្រា។ ចំណេះដឹងច្រើន នឹងជួយជំរុញឱ្យមានគេចង់ទិញស្រាពីក្រុមហ៊ុនរបស់គាត់ កាន់តែច្រើន។

លោក ដារីយ៉ូ ស៊ីលវ៉ា គ្រូបង្រៀនអំពីស្រា និយាយថា «កាលពីបីឆ្នាំមុន សិស្សរបស់ខ្ញុំ ភាគច្រើនគឺជាអ្នកជំនាញ។ តែឥឡូវ ខ្ញុំមានសិស្សដែលជាមហាជនទូទៅច្រើន។ យើងពន្យល់ពួកគេអំពី ថាហេតុអ្វីបានជាស្រាផ្អែម ហើយហេតុអ្វីបានជាស្រាមានជាតិអាល់កុលខ្ពស់ ហើយហេតុអ្វីបានស្រាទាំងនេះ អាចបើកទុកចោលបានរយៈពេល ៣ ឬ ៤ ខែ»។

AFC ដែលជាក្រុមហ៊ុននាំចូលស្រា បានតាមដានទំនោរនៃចំណង់ចំនូលចិត្តរបស់អតិថិជន ជាយូរមកហើយ។ ពួកគេបានរកឃើញថា អតិថិជនចិនចូលចិត្តស្រាអូស្រ្តាលីជាងស្រាបារាំង។ មនុស្សជាច្រើននិយាយថា វាមានរសជាតិខ្លាំង និងមានតម្លៃធូរថ្លៃជាង។ ពួកគេក៏នាំចូលស្រាពីប្រទេសញូហ្សេលែនផងដែរ ពីព្រោះស្រានោះ មានលក្ខណៈសាមញ្ញ សរីរាង្គ និងមានដាក់លក់គ្រប់ពេល។

អ្នកនាង វ៉ាង បាននិយាយថា វិស័យលក់ស្រាក្នុងប្រទេសចិនសព្វថ្ងៃ គឺរីកចម្រើនខុសគ្នាឆ្ងាយណាស់ បើប្រៀបធៀបទៅនឹង២០ឆ្នាំមុន នៅជំនាន់ដែលក្រុមហ៊ុនរបស់គាត់ ទើបតែចាប់ផ្តើមនាំចូលស្រាមកកាន់ប្រទេសចិន។

នៅក្នុងឆ្នាំ ២០១៧ ការនាំចូលស្រាមកកាន់ប្រទេសចិន មានតម្លៃសរុបជិត ៣ពាន់លានដុល្លារអាមេរិក កើនឡើង ១៨ ភាគរយធៀបនឹងឆ្នាំ២០១៦។

សព្វថ្ងៃ ប្រទេសចិន គឺជាទីផ្សារស្រាធំបំផុតរបស់ពិភពលោករួចទៅហើយ។ ប៉ុន្តែដោយសារចិននាំចូលស្រាបន្ថែម ពីប្រទេសនានាដូចជា អូស្រ្តាលី ឈីលី និងហ្សកហ្ស៊ី វាបានន័យថា ប្រជាជននៅប្រទេសចិន នឹងត្រូវផឹកស្រាឱ្យកាន់តែញឹកញាប់ជាងសព្វថ្ងៃទៅទៀត ហើយមិនមែនគ្រាន់តែទិញស្រាបន្ថែម សម្រាប់ទុកជាកាដូជូនមិត្តភក្តិឬសាច់ញាតិនោះទេ។

នៅក្នុងប្រទេសចិន ស្រាដែលលក់បានភាគច្រើន គឺសម្រាប់យកទៅធ្វើជាកាដូ និងសម្រាប់យកទៅផឹក ក្នុងពិធីជប់លៀងជាលក្ខណៈក្រុមហ៊ុន។

អ្នកនាង លូវីស វ៉ាង អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន AFC និយាយថា «ប្រហែល ៩០% នៃអ្នកទិញស្រានៅប្រទេសចិន មានអាយុចាប់ពី ២០ ទៅ ៤០ ឆ្នាំ។ ប្រទេសចិនមានប្រជាជនដែលមានអាយុក្នុងចន្លោះនេះ ដល់ទៅជិត ៦០០ លាននាក់។ ហើយទិន្នន័យបានបង្ហាញថា ពួកគេម្នាក់ៗបានទិញស្រា ត្រឹមតែពីរដបប៉ុណ្ណោះ កាលពីឆ្នាំមុន»៕ (សារព័ត៌មាន CCTV របស់ចិន)