(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសផ្តល់រថយន្តសម្រាប់សំអាតឆ្នេរចំនួនពីរគ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ទុកសម្រាប់សំអាតឆ្នេរនៅក្នុងខេត្តព្រះសីហនុ។

ការប្រកាសផ្តល់នេះបានធ្វើឡើងក្នុងលោកឧបនាយករដ្ឋមន្ត្រី ចុះទៅត្រួតពិនិត្យឆ្នេរ និងប្រព័ន្ធបង្ហូរទឹកនៅក្នុងខេត្តព្រះសីហនុនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

បើតាមឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកបានផ្តល់ប្រឹក្សាយោបល់លើការទិញម៉ាស៊ីនសំអាតឆ្នេរ បានគូសបញ្ជាក់ថា ម៉ាស៊ីនសំអាតឆ្នេរនេះ នឹងបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ ហើយមិនមែនទិញតែពីរគ្រឿង គឺទិញចំនួន៣គ្រឿង ដោយពីរគ្រឿងទុកប្រើក្នុងខេត្តព្រះសីហនុ និងមួយគ្រឿងទៀតទុកប្រើនៅក្នុងខេត្តកំពត និងខេត្តកែប។

ការសម្រេចផ្តល់រថយន្តសម្រាប់សំអាតឆ្នេរនេះ បានធ្វើឡើងក្រោយពេលដែលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្មែរនៅខេត្តព្រះសីហនុ តែងតែមានសំណាត់សំរាម និងសំណល់ផ្សេងៗបោកបក់ពីកណ្តាលសមុទ្រមកទើនៅលើឆ្នេរ។ ជាពិសេសមួយរយៈពេលចុងក្រោយនេះមានសំណាត់កំប្លោកជាច្រើនដែលរសាត់ពីប្រទេសវៀតណាមមកទើលើឆ្នេរសមុទ្រនាំឲ្យប៉ះពាល់ដល់សម្រស់របស់ឆ្នេរ។

តាមរយៈរថយន្តសំអាតឆ្នេររបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹងជួយសម្រួលដល់ការងារសំអាតឆ្នេររបស់អាជ្ញាធរខេត្ត ហើយក៏ជាការរួមចំណែកជួយថែរក្សាសម្រស់ឆ្នេរដ៏ស្រស់ស្អាតរបស់ខ្មែរផងដែរ៕