(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា បានហៅការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា (EBAs) របស់គណៈកម្មការសហភាពអឺរ៉ុបក្រោមហេតុផលសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ គ្រាន់តែជាលេសរបស់ប្រទេសអ៉ីតាលី និងស៊ុយអែត ក្នុងការកម្ចាត់វត្តមានទំនិញរបស់កម្ពុជាលើទីផ្សារអឺរ៉ុបតែប៉ុណ្ណោះ។

លោក ឈាង វុន ថ្លែងបញ្ជាក់បែបនេះ ក្នុងពេលរូបលោកអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាត​សហភាព​អន្តរ​សភា ​(IPU) ​នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វី​ស​ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

លោក ឈាង វុន ដែលធ្លាប់បានបំពេញការងារជាឯកអគ្គរាជទូតនៅអង្គការពាណិជ្ជកម្មពិភពលោក បានអះអាងថា ការដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធលើទំនិញនាំចូលទៅសហភាពអឺរ៉ុបក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ បានធ្វើឲ្យប្រទេសអឺរ៉ុបមួយចំនួនរួមមានអ៉ីតាលី និងស៊ុយអែតជាដើមបាត់បង់ប្រយោជន៍យ៉ាងច្រើន។

បើតាមលោក ឈាង វុន ទំនិញរបស់កម្ពុជាលើទីផ្សារអឺរ៉ុបជាមួយការអនុគ្រោះពន្ធនេះ បានធ្វើឲ្យអ៉ីតាលីជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំនៅអឺរ៉ុប បាត់បង់ទីផ្សារដ៏ធំរបស់ខ្លួន ខណៈស៊ុយអែតជាប្រទេសផលិតស្ករនោះក៏ប៉ះពាល់ទីផ្សាររបស់ខ្លួនផងដែរ។ លោក ឈាង វុន ថា ប្រទេសទាំងពីរនេះ មិនសប្បាយចិត្តចំពោះទំនិញកម្ពុជាលើទីផ្សារអឺរ៉ុបជាមួយប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។

កិច្ចដំណើរការពិភាក្សាលើការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជាពីទីផ្សារអឺរ៉ុបនេះ គឺត្រូវបានដឹកនាំដោយលោកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Morgherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបសម្រាប់នយោបាយសន្តិសុខ និងកិច្ចការបរទេស ដែលជាជនជាតិអ៉ីតាលី និងលោកស្រី សេស៊ីល្យ៉ា ម៉ាលស្ត្រម (Cecilia Malmström) ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម ជាជនជាតិស៊ុយអែត។

លោក ឈាង វុន បានចាត់ទុកការប្រឹងប្រែងរបស់មន្ត្រីជាន់ខ្ពស់ស្ថាប័នសហភាពអឺរ៉ុបទាំងពីររូបក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា ជាលេសមួយរបស់ពួកគេក្នុងការកម្ចាត់ទំនិញរបស់កម្ពុជាពីទីផ្សាររបស់អឺរ៉ុបតែប៉ុណ្ណោះ មិនមែនជាកិច្ចប្រឹងប្រែង ដើម្បីការស្រោចស្រង់ដំណើរការគោរពសិទ្ធិមនុស្ស ឬដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដូចការលើកឡើងរបស់ពួកគេនោះឡើយ។

«ខ្ញុំថានេះជាលេសមួយ...។ គោលដៅរបស់គេ គឺរុញខ្មែរយើងឲ្យធ្លាក់ចេញពី EBAs ហ្នឹង ដើម្បីឲ្យគេមានលទ្ធភាពលក់ផលិតផលគេឲ្យបានច្រើន ដើម្បីចិញ្ចឹមកម្មកររបស់គេ ចិញ្ចឹមអ្នកធ្វើការរបស់គេ ចិញ្ចឹមគ្រួសាររបស់គេ»។ លោក ឈាង វុន បានគូសបញ្ជាក់។

លោក ឈាង វុន ក៏បានបង្ហាញការសោកស្តាយផងដែរ ចំពោះអ្នកនយោបាយរបស់កម្ពុជាមួយចំនួន ដែលលោកសម្តៅដល់អ្នកនយោបាយអតីតបក្សប្រឆាំងនោះ ព្រោះតែដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បានប្រឹងប្រែងជ្រោមជ្រែងសម្រេចមហិច្ឆតារបស់ជាតិសាសន៍ដទៃ ក្បត់ប្រយោជន៍របស់ជាតិសាសន៍ខ្លួន។

បើទោះបីជាយ៉ាងណាលោក ឈាង វុន បានថ្លែងថា ក្នុងពេលចូលរួមកិច្ចប្រជុំ IPU នៅ​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ស្វី​ស​ ដែលនឹងមានសមាជិកសភាសហភាពអឺរ៉ុបចូលរួមដែរនោះ រូបលោកនឹងប្រឹងប្រែងពន្យល់បន្ថែមទៀតពីបញ្ហា និងស្ថានការណ៍ពិតរបស់កម្ពុជា។

លោក ឈាង វុន បានលើកឡើងថា ក្នុងចំណោមសមាជិកសភាសហភាពអឺរ៉ុបប្រមាណ ២៧រូបនោះ មានសមាជិកសភាជាច្រើនមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយមានសមាជិកសភាមួយចំនួនតូចប៉ុណ្ណោះដែលថ្នាំងថ្នាក់ជាមួយកម្ពុជា ព្រោះទំនិញកម្ពុជាធ្វើឲ្យប៉ះពាល់ប្រយោជន៍របស់ពួកគេ៕