(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា បានលើកឡើងថា តំណាងសភាកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍ផ្តោតសំខាន់ទៅលើវិវត្តន៍សង្គមកម្ពុជា បច្ចុប្បន្នលើស្ថិរភាពនយោបាយ ការីកចម្រើន ក្រោយការបោះឆ្នោតប្រាប់ទៅ​អាយ​ភី​យូ​ (IPU) ឱ្យយល់ថាឆន្ទៈរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ ដែលចូលរួមទៅបោះឆ្នោតកន្លងទៅ និងបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជា មានស្មារតីរឹងមាំខ្លាំង ក្នុងកិច្ចការទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងរបស់លោក ឈាង វុន បានធ្វើឡើងនៅក្នុងឱកាសលោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ មុននឹងអញ្ជើញទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាកម្ពុជា ​ និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃនយោបាយសភាស្ត្រី។

ជាមួយគ្នានេះដែរ លោក ឈាង វុន បានបន្តប្តេជ្ញាចិត្តថា សភាកម្ពុជា នឹងខិតខំប្រឹងប្រែងធ្វើការងារនេះ និងកិច្ចសហប្រតិបត្តិការល្អជាមួយសភា IPU ជាគឺខិតខំប្រឹងប្រែងបំពេញតួនាទីជាតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋបានបោះឆ្នោតផ្តល់ការទុកចិត្តលើកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ឱ្យអស់ពីចិត្តអស់ពីថ្លើម។

នៅក្នុងឱកាសនោះ លោកនឹងដឹកនាំផ្នែកមួយ នៃគណៈប្រតិភូសភាកម្ពុជា ចូលជួបគណៈកម្មការសិទ្ធិមនុស្ស នៃសមាជិកសភារបស់ IPU ដើម្បីពន្យល់ឱ្យយល់ពីសភាពការណ៍នយោបាយនៅប្រទេសកម្ពុជា ឱ្យសភា IPU យល់កាន់តែច្បាប់ពីស្ថិរភាព សណ្តាប់ធ្នាប់ ការរីកចម្រើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសពន្យល់ដល់ IPU កុំឱ្យជឿលើការរិះគន់ពីណាក់ជនអគតិមួយចំនួន ដែលនាំគ្នាជាន់ពន្លិច លើការដឹកនាំនាវាកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

​ជាមួយគ្នានេះ​គណៈប្រតិភូ​សភា​កម្ពុជា​ នឹងចូលរួម​កិច្ចប្រជុំ​ជាច្រើន​ក្នុងនោះ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​២០៣ របស់​អាយ​ភី​យូ​ ដើម្បី​អនុម័ត​សេចក្តីស្នើ​របៀបវារៈ​បន្ទា​ន់​លើ​បញ្ហា​រសើប​មួយចំនួន​របស់​សាកលលោក​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​របស់​អាយ​ភី​យូ ការចូលរួម​ផ្ដល់​អនុសាសន៍​អំពី​សិទ្ធិ​មនុស្ស​ការពិនិត្យ​លើ​របាយការណ៍​ហិរញ្ញវត្ថុ​ អាយ​ភី​យូ ​ការអនុម័ត​ប្រតិទិន​ការងារ​សម្រាប់​មហាសន្និបាត​អាយ​ភី​យូ​លើក​ទី​១៤០ ​នៅ​ទីក្រុង​ប៊ូ​ណូ​ស​អ៊ែ​រ៉េ​ស ​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​។​

​នៅក្នុង​មហាសន្និបាត​នេះ​គណៈប្រតិភូ​សភា​កម្ពុជា ​ក៏​នឹងចូលរួម​បណ្ដា​កិច្ចប្រជុំសំខាន់ៗ ​មួយចំនួនទៀត​ដែល​មាន​ដូចជា៖ ​កិច្ចប្រជុំ​អាស៊ាន​បូក​បី កិច្ចប្រជុំ​សម្របសម្រួល​របស់សភា​តំបន់​អាស៊ី​ (APA) កិច្ចប្រជុំ​ភូមិសាស្ត្រ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ (APG) ​កិច្ចប្រជុំ​វេទិកា​សមាជិកសភា​ស្ត្រី កិច្ចប្រជុំ​វេទិកា​សមាជិកសភា​វ័យក្មេង ​IPU និង​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទាំង​បួន​របស់​ IPU ស្តីពី​សន្តិភាព​-​សន្តិសុខ​អន្តរជាតិ ការ​អភិវ​ឌ្ឍ​ប្រកប​ដោយ​ចីរភាព​-​ហិរញ្ញវត្ថុ​-​ពាណិជ្ជកម្ម​-​ប្រជាធិបតេយ្យ​-​សិទ្ធិមនុស្ស​ និង​កិច្ចការ​អង្គការសហប្រជាជាតិ​ផងដែរ​៕