(ភ្នំពេញ)៖ ដើម្បី​សុវត្ថិភាពក្នុងការទទួលទានរបស់​ពលរដ្ឋប្រចាំថ្ងៃ គ្រាន់តែបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌភ្លាម មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយ​មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារអូរឬស្សី ​និងហាងលក់ទំនិញមួយចំនួន ក្នុងខណ្ឌ​៧មករា ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែល​ជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់​ចែកចាយ លើទីផ្សារចុះពិនិត្យចំណីអាហារ និងគ្រឿងឧបភោគបរិភោគ ​ក្នុងផ្សារអូរឬស្សី នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

លោក​ គង់ វុទ្ធី អនុប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះមកត្រួតពិនិត្យជាប្រចាំ ជាពិសេសការចុះត្រួតពិនិត្យនាពេលនេះ ដើម្បីធ្វើការត្រួតពិនិត្យ​រកសារធាតុហាមឃាត់ ធានាបាននូវសុវត្តិភាពក្នុងការបរិភោគជូនដល់ពលរដ្ឋ​។ ម្យ៉ាងទៀត ការចុះត្រួតពិនិត្យនេះទៀតសោត គឺធ្វើឡើងនៅតាមផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដែលរួមមាន ទាំង​ផ្សារទំនើប និងនៅតាមហាងលក់ទំនិញផងដែរ។

លោក គង់ វុទ្ធី បានបន្តថា ក្នុងការចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញមានគោលដៅ ធ្វើការអប់រំ និងណែនាំដល់អាជីវករទាំងអស់ អំពីផលប៉ះពាល់ មកលើមនុស្ស​ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានគុណភាព ដើម្បីឲ្យអាជីវករគ្រប់រូប បានគិតគូពីសុវត្តិភាពរបស់អតិថិជនខ្លួន ដោយមិនធ្វើការដាក់បន្ថែម នូវសារធាតុគីមី ឬទំនិញហួសកាលបរិច្ឆេទ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ចំពោះការចុះត្រួតពិនិត្យលើមុខទំនិញ និងម្ហូបអាហារ នៅផ្សារអូរឬស្សីនាពេលនេះ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើការយកទំនិញចំនួន៤៤គំរូ មកធ្វើការពិសោធន៍ និងលើរថយន្តឡាបូពិសោធន៍ភ្លាមៗ​។

ក្រោយពីធ្វើការពិសោធន៍រួច លោក គង់ វុទ្ធី បានបញ្ជាក់ថា ពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ដោយធ្វើការណែនាំដល់អាជីវករឲ្យ​យល់ដឹងបន្ថែមទៀត អំពីសុវត្ថិចំណីអាហារ ហើយនៅតាមផ្សារមួយចំនួនក៏មានភ្នាក់ងារកាំកុងត្រូលប្រចាំការផងដែរ បើសិនជាអាជីវករ និងប្រជាពលរដ្ឋមានការសង្ស័យថា ចំណីអាហារមានសារធាតីគីមី អាចទំនាក់ទំនងក្រុមការងារទៅពិនិត្យភ្លាមៗបាន។

លោកអនុប្រធានរូបនេះ បានបន្ថែមថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជាពី ប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ​ដែលគិតអំពីសុវត្ថិភាព និងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយនេះគឺបានធ្វើឡើងដូច​ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕​