(ហាណូយ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានស្នើឲ្យវៀតណាម មានវិធានការឲ្យបានតឹងរឹង លើការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើ ខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល រៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។

ការស្នើសុំយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី វេង សាខុន និងគណៈប្រតិភូជា​ន់ខ្ពស់ នៃក្រសួងកសិកម្ម បានចូលជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទ នៃវៀតណាម នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនរៀតណាមដែលកន្លងមក បានប្រមូលទីញនូវកសិផលពីកសិករកម្ពុជា ដូចជាកៅស៊ូ ដំឡូងមី ស្វាយចន្ទី និងអង្ករជាដើម។ លោកថា ថ្មីៗនេះ កសិករកម្ពុជា មានភាពសប្បាយរីករាយ ចំពោះតម្លៃស្វាយចន្ទី និងដំឡូងមី ហើយលោក សង្ឃឹមថា ភាគីវៀតណាម នឹងបន្តរក្សាបាននូវតុល្យភាពតម្លៃ និងបរិមាណ នៃការប្រមូលទីញកសិផលពីកម្ពុជា។

ដោយឡែកចំពោះ ពូជស្វាយចន្ទីដែលសមាគមស្វាយចន្ទីវៀតណាមប្រគល់មកកម្ពុជា លោករដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានស្នើឲ្យក្រសួងកសិកម្មរៀតណាម ជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងភូតគាមអនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កសិករ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានស្នើឲ្យភាគីវៀតណាម ជួយពិនិត្យលទ្ធភាព ក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជា។ ចំពោះការចលនាសត្វឆ្លងដែន លោករដ្ឋមន្រ្តី បានស្នើឲ្យភាគីវៀតណាម ជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។

ក្រៅពីនេះ លោករដ្ឋមន្រ្តី បានស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរឹងបន្ថែមទៀត ពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាល រៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់សហភាពអ៊ឺរ៉ុប។

ជាការឆ្លើយតប លោក ង្វៀន សួនគឿង សន្យាថា នឹងសហការជាមួយវិស័យឯកជនវៀតណាម ក្នុងការពិនិត្យមើលនូវលទ្ធភាព ក្នុងការប្រមូលទិញកៅស៊ូពីកម្ពុជា ក្នុងតម្លៃមួយសមស្រប។

ចំពោះបញ្ហាដំឡូងមី បច្ចុប្បន្នវៀតណាម ក៏កំពុងជួបប្រទះនូវបញ្ហាជំងឺឆ្លង ហើយក្រសួង និងអ្នកជំនាញកំពុងមានវិធានការ កំចាត់ចោលនូវប្រភេទជំងឺឆ្លង និងកែលម្អឡើងវិញនូវការខូចខាត និងប្រើប្រាស់ពូជថ្មី ដែលមានភាព ធន់នឹងជំងឺ ហើយលោក នឹងជំរុញដល់វិស័យឯកជនវៀតណាម បន្តរក្សានូវលំនឹងតម្លៃដំឡូងមីនៅកម្ពុជា។

ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាម កំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាម បានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញ ជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន

ក្រៅពីកិច្ចការដទៃទៀត លោកស្នើឲ្យភាគីទាំងពីររៀបចំក្រុមការងារកម្រិតជំនាញ ដើម្បីបន្តធ្វើការពិភាក្សា និងដោះស្រាយនូវបញ្ហានានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រីកនូវទំហំពាណិជ្ជកម្ម កសិកម្មរវាងប្រទេសទាំងពីរ៕