(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសុក្រ ០៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលព្រះអង្គបានយាងសោយទិវង្គត។

ក្នុងកម្មវិធីនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព មន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រារព្ធធ្វើឡើងនៅបរិវេណមុខសាលាខេត្ត។

ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់ប្រសូត្រ​នៅថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ គឺជាព្រះរាជបុត្រនៃព្រះបាទនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិកុសមៈ។

ព្រះអង្គបាន​យាង​សោយទិវង្គត នៅ​វេលា​ម៉ោង១​៖​២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យនាទីក្រុង​ប៉េកាំង ប្រទេស​​ចិន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាកចោលប្រជារាស្រ្ត និងដែនដ៏ជាទីស្នេហារបស់ព្រះអង្គ ហើយក៏ថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរទាំងមូលសោកសៅជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ​ ពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕