(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានអន្តរជាតិដ៏ល្បីមួយថា សម្តេចបានចាត់ទុកប្រទេសជប៉ុនជាគំរូមួយសម្រាប់ ប្រទេសកម្ពុជា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងបន្តឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទោះបីគណបក្សកាន់អំណាចរបស់សម្តេចដណ្តើមបានអាសនៈ ទាំងអស់នៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅនេះក៏ដោយ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតក្យូដូរបស់ជប៉ុន កាលពីសប្តាហ៍មុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រទេសជប៉ុនជាគំរូនៃប្រជាធិបតេយ្យមួយ ដែលយើងគួរសិក្សារៀនសូត្រ ហើយជាប្រទេសតែមួយគត់ ដែលយើងអាចរៀនសូត្រពីប្រជាធិបតេយ្យបាន»។

«ខ្ញុំរមែងតែមើលទៅប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងពិភពលោក ដើម្បីរៀនសូត្រតាម ទាំងក្នុងក្របខណ្ឌនយោបាយ និងសេដ្ឋកិច្ច ដូចជាប្រទេសជប៉ុនជាដើម ដើម្បីរក្សាបាននូវសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពនយោបាយ និងគំរូនៃប្រទេសប្រជាធិបតេយ្យយ៉ាងពិតប្រាកដ» សម្តេច ហ៊ុន សែន បានថ្លែងមួយថ្ងៃមុនពេលសម្តេចដឹកនាំ គណៈប្រតិភូទៅជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន ដែលបានចូលរួមដោយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាប់ដងទន្លេមេគង្គ រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។

នាយករដ្ឋមន្ត្រីបាននិយាយថា សម្តេចមានឆន្ទៈជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យទៅជា «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ស្របពេលដែលសម្តេចកោតសរសើរប្រទេសជប៉ុន ចំពោះជំនួយដ៏ធំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោបានបន្តទៀតថា «កម្ពុជាពិតជាសូមថ្លែងអំណរគុណជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែកធំធេងដល់សន្តិភាពនៅកម្ពុជា និងបានផ្តល់ជំនួយបច្ចេកទេស ជំនួយឥតសំណង និងឥណទានសម្បទានយ៉ាងសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា មានដូចជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល អប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស»

ប្រទេសជប៉ុនមានសក្តានុពលក្នុងការក្លាយជាប្រទេសទីពីរ នៃដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាបន្ទាប់ពីប្រទេសចិន ក្នុងឆ្នាំ២០១០។ គួររំលឹកផងដែរថា នៅឆ្នាំ២០១៣ ទំនាក់ទំនងកម្ពុជា និងជប៉ុនបានឈានដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» ហើយក្នុងឆ្នាំ២០១៨នេះ ក៏ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាផងដែរ។

នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ ក្នុងនោះមេដឹកនាំទាំងពីរបានពិភាក្សាពីបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គម ដោយ ផ្តោតលើការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីបញ្ហាផ្សេងៗ ក្នុងបរិបទនៃក្របខណ្ឌពហុភាគីនិយមរឹងមាំ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។ កិច្ចសហប្រតិបត្តិការនេះ មានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថិរភាពជានិរន្តរ៍នៅក្នុងតំបន់៕